(ភ្នំពេញ)៖ សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ជាពាក្យស្លោកដែលអតីតសិស្សបាក់ទូកនាឆ្នាំ១៩៨០-៩០ មួយក្រុមបានបង្កើតឡើង ក្នុងន័យរួមកម្លាំងកាយចិត្តចែករំលែកធនធានជួយគ្នាគ្រប់គ្រាលំបាក។ ជាក់ស្តែងបន្ទាប់ពីអតីតសិស្សបាក់ទូកមួយក្រុមនេះ បានចងក្រងគ្នាជាក្រុមរយៈពេល២ឆ្នាំកន្លងមក ពួកគេបានរួមគ្នាចែករំលែក ធនធានសរុបបានជាង១០ម៉ឺនដុល្លារ យកទៅជួយមិត្តជួបការលំបាក ជូនដល់អតីតលោកគ្រូអ្នកគ្រូ និង កសាងសមិទ្ធិផលមួយចំនួនក្នុងសាលាដែលពួកគេធ្លាប់បានរៀនជាមួយគ្នា គឺសាលាបាក់ទូក ជាបន្តបន្ទាប់ជាប់ៗគ្នាជាហូរហែ។
ជាថ្មីម្តងទៀត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ អតីតសិស្សបាក់ទូកមួយក្រុមខាងលើ បានបង្កើតការភ្ញាក់ផ្អើលមួយ ជាមួយមិត្តចាស់ម្នាក់ ឈ្មោះ ថ្លាង ភីរក្ស ជាអតីតសិស្ស នៃសាលាបាក់ទូក ក្នុងឆ្នាំ១៩៨០-៩០ បច្ចុប្បន្នបម្រើការងារជាមន្រ្តីប៉ូលីសអន្តោប្រវេសន៍ ដែលមិត្តភក្តិក្នុងក្រុមទើបតែរកការទំនាក់ទំនងបាន ពេលដែលលោកធ្លាក់ខ្លួនមានជម្ងឺជាទម្ងន់ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ហៅពេទ្យរ៉ុស្សី)។
ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមទន់ខ្សោយគ្មានកម្លាំងកំហែងសូម្បីតែងើបពីគ្រែអង្គុយក៏មិនបានផងនោះ ស្រាប់តែទទួលព័ត៌មាន ថាមានអតីតមិត្តរួមជំនាន់ជាមួយគ្នា មកសួរសុខទុក្ខ បែរជាធ្វើឲ្យស្ថានភាពជម្ងឺលោក ថ្លាង ភីរក្ស ប្រែប្រួលប្រសើរឡើងមិនគួរឲ្យជឿ ដោយលោកស្រាប់តែមានកម្លាំងរងចាំក្រុមមិត្តសម្លាញ់ ដោយចិត្តអន្ទះសារនិងភាពស្វាហាប់ដូចគ្មានជម្ងឺជាប់ខ្លួន។ ពេលក្រុមអតីតសិស្សបាក់ទូកដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអ្នកនាំមុខ បានមកដល់មន្ទីរពេទ្យ បរិយាកាសរំភើបក្តុកក្តួលមួយបានឆួលឡើងលាយឡំដោយទឹកភ្នែកមនោសញ្ចេតនានឹករលឹកគ្នា ក្នុងបន្ទប់អ្នកជម្ងឺនៃមន្ទីរពេទ្យរុស្សី។
ម្នាក់ៗសម្តែងទឹកចិត្តនឹករលឹកនិងអាណិតអាសូរមិត្ត ថ្លាង ភីរក្ស បំផុត ឯមិត្ត ថ្លាង ភីរក្ស សម្តែងការសប្បាយចិត្ត ជជែកតបតជាមួយមិត្តចាស់គ្រប់គ្នា ហាក់ដូចពុំមានជម្ងឺជាប់កាយ បង្កើតបានជាបរិយាកាសមួយ ដ៏សប្បាយរីករាយ នេះក៏ព្រោះតែកម្លាំងចិត្តដែលលោក ទទួលបានពីមនោសញ្ចេតនាកក់ក្តៅរបស់មិត្តរួមជំនាន់ ដែលហាក់ដូចជាឱសថស័ក្តិសិទ្ធ មកព្យាបាលជម្ងឺលោកឲ្យប្រសើរឡើងភ្លាមៗ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ អតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកនាឆ្នាំ១៩៨០-៩០ មួយក្រុមនេះ បានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន សរុបបានចំនួន 2,150 ដុល្លារ ជូនដល់មិត្ត ថ្លាង ភីរក្ស ទុកជាការជួយសម្រាលបន្ទុកព្យាបាលជម្ងឺ រួមជាមួយ ទឹកក្រូច ទឹកសុទ្ធ ផ្លែឈើ មួយចំនួនផងដែរ៕