(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋជាង៥ពាន់នាក់​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជាង២០០នាក់ ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវិទ្យាល័យសម្តេចតេជោ សែន សំរោង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឥតគិតថ្លៃ​ ចំនួន៥,១១២នាក់ ព្រមទាំងចែកអំណោយថ្នាំពេទ្យ ចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

លទ្ធផលនៃការពិនិត្យនោះ គឺ​បានពិនិត្យព្យាលបាលជំងឺកុមារ៣១៦នាក់, ជំងឺស្រ្តី២៧៦នាក់, ជំងឺផ្លូវចិត្ត១៣២នាក់, ជំងឺឫសដូងបាត១៩៣នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត១០៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៦នាក់, ជំងឺភ្នែក១២៤នាក់, ជំងឺសើរស្បែក៩៩នាក់, ជំងឺទឹកនោមផ្អែ៨៦នាក់, ជំងឺមាត់ធ្មេញ៩១នាក់, អេកូសាស្ត្រ១២៩នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៧ និងជំងឺទូទៅ៣,២៨២នាក់ ។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយ ដ៏រីករាយចំពោះពលរដ្ឋរស់នៅក្រុងសំរោង ក្នុងឧត្តរមានជ័យ។ ក្នុងនោះពលរដ្ឋជាស្រ្តីម្នាក់ឈ្មោះ ជា លីដា ស្ថិតនៅចំណោមពលរដ្ឋដទៃទៀត បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។ អ្នកស្រី លីដា មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុក្ខនៅក្នុងពោះ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះមកព្យាបាលជំងឺគាត់ ក៏ដូចជាអ្នកភូមិឯទៀត។

អ្នកស្រីបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនគិតលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»

ចំណែកពលរដ្ឋម្នាក់ទៀត លោក សំ ពិសិដ្ឋ មានជំងឺអាឡាក់ហ្ស៊ីច្រមុះថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ នៅពេលគេចុះមកពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយមិនគិតលុយ វាធ្វើឲ្យខ្ញុំចំណេញថវិកា»

ចំណែកបុរសវ័យចំណាស់ម្នាក់ទៀតឈ្មោះ ពៅ ថាន ដែលមានជំងឺសួត ក្រោយបានឲ្យដឹងពីក្រុមគ្រូពេទ្យ ដែលមានរោគសញ្ញា ហត់ជាដើម បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញមកដល់ក្នុងស្រុកភូមិរបស់គាត់ និងព្យាបាលមិនគិតថ្លៃ។

លោកបន្តថា ការមកដល់ពីក្រុមគ្រូពេទ្យ បានធ្វើឲ្យគាត់ចំណេញយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ លោកបានក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាល មកដល់ភូមិរបស់គាត់នេះ។

ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត ប្រជាពលរដ្ឋបានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកពិនិត្យជំងឺពលរដ្ឋបន្តិច ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលមួយ ដែលមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថារយៈពេល៧២ខែ (២០១២-២០១៨) នេះជាឆ្នាំទី៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបាន ចំនួន៣៨២,៨២៦នាក់ ​(សាមសិបប្រាំបីម៉ឺន ពីរពាន់ ប្រាំបីរយម្ភៃប្រាំមួយនាក់។

ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន​ ម៉ានី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ទាំងអស់ត្រូវចេះតែរក្សាសុខភាពឲ្យបានត្រឹមត្រូវ ក៏ព្រោះតែខែធ្នូនេះ ជារដូវធ្លាក់ខ្យល់អាចប្រឈមនឹងឲ្យប្រជាពលរដ្ឋងាយនឹងកើតជំងឺផ្សេងៗ ជាពិសេសគឺជំងឺផ្តាសាយ ដែលជាប្រភេទជំងឺងាយនឹងឆ្លងពីគ្នាទៅគ្នាយ៉ាងងាយស្រួលបំផុត។

ក្រៅពីនោះ លោក លេង ផាលី ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ គួរតែមានថ្នាំសង្កូវ នៅជិតខ្លួនជានិច្ច ដែលជាការបង្ការខ្លួនបានយ៉ាងល្អនៅពេលដែលសាច់ញ្ញាតិ្តរបស់ខ្លួន មានជំងឺផ្សេងៗដែលត្រូវការថ្នាំ ដើម្បីព្យាបាលជាបន្ទាន់ ហើយការទុកដាក់ថ្នាំឲ្យបានត្រឹមត្រូវនេះ អាចនឹងសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងប្រសើរថែមទៀតផង។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៧រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។