(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ APOPO លើគំរោងសមាហរណកម្មកណ្តុរហិតមីន និងការបោសសម្អាតមីន ដែលមានថវិកាគាំទ្រចំនួន១៩៧,៧៨៦.៥៩ដុល្លារអាមេរិក។
លោក ហេង រតនា បញ្ជាក់ថា គម្រោងនេះមានរយ:ពេល១២ខែ ចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រតិបតិ្តការបោសសំអាតតំបន់ចំការមីន ស្ថិតនៅខេត្តសៀមរាប។
ស៊ីម៉ាក់ជាអង្គភាពប្រតិបត្តិការដោះមីនរបស់ជាតិ ដែលមានគ្រឿងចក្រគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះស៊ីម៉ាក់ក៏មានការបោសសំអាតមីនដោយប្រើសុនខ (ឆ្កែ) ផងដែរ។ នៅឆ្នាំ២០១៤ ស៊ីម៉ាក់ជាមួយនឹងអង្គការ APOPO បាននាំយកនូវកណ្តុលហិតមីន មកធ្វើការសាកល្បងដើម្បីធ្វើតេស្ត និងហ្វឹកហ្វឺនគាំទ្រដល់ការបោសសំអាតមីន បន្ថែមលើការងារសុនខហិតមីន។ ដោយឆ្លងកាត់ការហ្វឹកហ្វឺន និងធ្វើតេស្តរយៈពេល២ឆ្នាំ ស៊ីម៉ាក់បានដាក់កណ្តុរនេះ ទៅកាន់ចំការមីនជាក់លាក់ហើយទទួលលទ្ធផលល្អ ទើបមានការសហការបន្តទៀតនៅពេលនេះ។
សូមជម្រាបថា ស៊ីម៉ាក់មានផែនការ សម្រាប់ឆ្នាំ២០១៩ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និងការជួយសង្គ្រោះជនពិការដោយសារមីន ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១,៧០០នាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង និងកំលាំងអន្តរាគមន៍ បណ្តាញសគ្រ័ចិត្តជាង២,៥០០នាក់។
ដើម្បីសំរេចគោលដៅផែនការនេះ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគំរោងនានាចំនួន២៩គំរោង គិតជាថវិកាចំនួនជាង១៦លានដុល្លារអាមេរិក ហើយគិតមកត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគំរោងមួយចំនួនបានទទួលការអនុមត័រួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ គំរោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីទទួលបានការឯកភាព៕