(ភ្នំពេញ)៖ នំបំពង់ធ្វើពីត្រីឈ្មោះថា នូទ្រីក (Nutrix) ត្រូវបានផលិតរួមគ្នាដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវបារាំង ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (IRD) សកលវិទ្យាល័យកូផេនហេហ្គិន (Copenhagen University (CU)) និងក្រមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហកាជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ព្យាបាលបញ្ហាកង្វះ អាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់កុមារ។
ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងផលិតនំនូទ្រីក (Nutrix) ក្នុងរាជធានីភ្នំពេញ ដៃគូទាំងអស់ បានប្រកាសថា នំសម្រាប់ព្យាបាល ដែលផលិតសម្រាប់ញ៉ាំបានភ្លាមៗនេះ នឹងត្រូវផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបចំពោះបញ្ហា កង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា «ការប្រកាសចាប់ផ្តើម ផលិតអាហារព្យាបាលក្នុងស្រុក ប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាការបោះជំហានមួយដ៏សំខាន់ ដើម្បីឈានទៅសម្រេច គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការព្យាបាលកុមារយ៉ាងហោចណាស់ឲ្យបាន ២៥,០០០នាក់ ក្នុង១ឆ្នាំ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ»។
លោកបានបន្ថែមទៀតថា «ការចាប់ផ្តើមផលិតអាហារព្យាបាលនេះ នឹងជួយធានាឲ្យមានផលិតផលក្នុងស្រុក សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានដៃគូជាច្រើន បានជួយយើងក្នុងការអភិវឌ្ឍផលិតផលនេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូថ្មីនេះនឹងជួយឱ្យយើងអាចពង្រីកការព្យាបាលបន្ថែមទៀត ដល់កុមារដែលកំពុងជួបបញ្ហា កង្វះអាហារូបត្ថម្ភ ស្រួចស្រាវធ្ងន់ធ្ងរ»។
សូមជម្រាបថា នៅកម្ពុជាមានកុមារប្រមាណ២.៦ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា កំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ដើម្បីព្យាបាលដល់កុមារទាំងនេះ អាហារព្យាបាលដែលអាចញ៉ាំបានភ្លាមៗ ត្រូវបានផ្តល់ឲ្យកុមារ យកទៅញ៉ាំនៅតាមផ្ទះ ហើយប្រសិនបើពុំមានអាហារបែបនេះទេ កុមារជាច្រើននាក់ ប្រហែលជាចាំបាច់ត្រូវនៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ទោះជាយ៉ាងនេះ ក៏ដោយការស្រាវជ្រាវបង្ហាញថា កុមារដែលត្រូវការការព្យាបាល អាចទទួលបានអាហារព្យាបាលនេះ នៅក្នុងកម្រិតមួយទាបប៉ុណ្ណោះពីស្ថាប័នសុខាភិបាល ក្នុងប្រទេសកម្ពុជា៕