(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីជនជាតិចិន នៅចំណុចផ្លូវកែង ប៉ុស្តិ៍នគរបាលទេសចរណ៍ អូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៣៖៣០នាទី ទាបភ្លឺថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយបង្កឡើងដោយជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបរបស់ជនរងគ្រោះជាជនជាតិចិន ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូ ដែលចតនៅចិញ្ចើមផ្លូវ។
ពេលនោះត្រូវកម្លាំងនគរបាលទេសចរណ៍ឃើញ និងបានផ្សព្វផ្សាយតាមវិទ្យុទាក់ទង ភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្ទាក់ដេញប្រផាត់ចាប់ភីង រហូតដល់មុខរោងចក្រ ញូវស្តារ ឃ្លាំងលើ ទើបឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នោះ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ កុល ផាលី បានបញ្ជាក់ថា សម្ភារបាត់បង់ កាបូបស្ពាយចំហៀងមួយ ពណ៌ខ្មៅ, កាបូបដៃមួយពណ៌ខ្មៅ, លុយដុល្លារ៣២៣ដុល្លារ, លុយខ្មែរ៦,៥០០រៀល, អត្តសញ្ញាណប័ណ្ណចិនមួយ និងកាតពីរសន្លឹក។
ដោយឡែកជនសង្ស័យចំនួន០២នាក់ ដែលឃាត់ខ្លួនបានទី១៖ឈ្មោះ កែវ វ៉ែន អាយុ១៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់បើកម៉ូតូ) និងទី២៖ឈ្មោះ ង៉ែត ហុល អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំលាវ ឃុំដំណាក់ចង្អើរ ខេត្តកំពត (ជនដៃដល់ជិះពីក្រោយឆក់)។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕