(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យកាងារ និងបញ្ហាប្រឈម នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រមទាំងពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យ នៅអធិការដ្ឋាននគរបាល ស្រុកស្រីសន្ធរ។
ក្នុងនោះក៏មានការចូលរួមពី លោកអភិបាលស្រុកស្រីសន្ធរ លោកស្នងការរង លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញខេត្ត អធិការ-អធិការរងស្រុក នាយ-នាយរងផ្នែក រហូតដល់មន្ត្រីចំនួន១៤៧នាក់។
ជាកិច្ចចាប់ផ្ដើម លោកអធិការស្រុក បានឡើងអានរបាយការណ៍សភាពការណ៍បទល្មើសប្រចាំឆ្នាំ នៃអធិការដ្ឋានស្រុកស្រុកស្រីសន្ធរចប់ បន្តមកទៀត លោកអភិបាលស្រុក ក៏បានបង្ហាញចំណាប់អារម្មណ៍ និងសរសើរ ពីកិច្ចសហការល្អ រវាងអធិការដ្ឋាន និងសាលាស្រុក ក៏ដូចជាចូលរួមមតិ ជុំវិញការងារមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំ និងដាក់ផែនការឲ្យអធិការ-អធិការរង នាយ-នាយរងប៉ុស្តិ៍ យកចិត្តទុកដាក់អនុវត្តការងារ ឲ្យបានល្អប្រសើរ មានជាអាទិ៍រួមមាន ការងារអត្តសញ្ញាណកម្ម ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋ ទាំងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឲ្យបានគ្រប់ៗគ្នា តាមកគោលការណ៍ណែនាំរបស់អភិបាលខេត្ត, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
, ការងារសណ្ដាប់ធ្នាប់ ចរាចរណ៍, ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ទប់ស្កាត់កុំឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ, កុំឲ្យមានការកាប់ទន្ទ្រានដី, កុំឲ្យមានកុងត្រូលជជុះ
, បង្រ្កាបឲ្យបានបទល្មើសគ្រប់ប្រភេទ និងទប់ស្កាត់ការលួចឆក់កុំឲ្យមាន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យអនុវត្តការងារនគរបាល និងសហគមន៍ ឲ្យបានប្រសិទ្ធភាពខ្ពស់ ពិសេសការងារល្បាត ឆែកឆេរ ហើយត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារឲ្យបានល្អ និងត្រូវប្រតិបត្តិខ្លួនជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ។ ពិសេសអនុវត្តតាមអភិក្រម៥ចំណុច របស់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់៕