(ភ្នំពេញ)៖ បច្ចុប្បន្នប្រជាពលរដ្ឋនៅប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍លើពិភពលោក បាននាំគ្នាប្រើប្រាស់សេវាកម្មធានារ៉ាបរង ការជ្រើសរើសយកសេវាកម្មនេះ ដោយសារតែពួកគេផ្ដោតទៅលើអត្ថប្រយោជន៍ជាច្រើនដូចជា អាចការពារហានិភ័យផ្នែកហិរញ្ញវត្ថុ នៅពេលមានហេតុការណ៍អកុសលកើតឡើង។
ងាកមកមើលកម្ពុជាវិញវិស័យធានារ៉ាប់រងនេះ ក៏កំពុងរីកដុះដាល និងមានសក្ដានុពល ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកិច្ចសម្ភាសន៍របស់ទូរទូស្សន៍ Fresh News ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា វិស័យធានារ៉ាបរងនៅកម្ពុជា កំពុងមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគ នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោកបន្ដថា កត្តាសំខាន់ៗជាច្រើន ដែលធ្វើឲ្យមានសក្ដានុពល ក្នុងការវិនិយោគនេះរួមមាន៖ ១-កត្តាសេដ្ឋកិច្ច បច្ចុប្បន្ននេះកំណើនសេដ្ឋកិច្ចនៅកម្ពុជា កំពុងរីកច្រើនយ៉ាងខ្លាំង ក្រោមការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាក់ទាញវិនិយោគិនបរទេស ចូលមកកម្ពុជាកាន់តែច្រើន។ កត្តាមួយដែលធ្វើឲ្យវិនិយោគិនចូលមក គឺ ស្ថិរភាពនយោបាយមានភាពរឹងមាំល្អ ដែលទទួលបានការទុកចិត្តពីវិនិយោគិន។
លោកបន្ដថា វិនិយោគិនដែលចូលមកវិនិយោគលើវិស័យធានារ៉ាបរងនៅកម្ពុជា ច្បាស់ណាស់ពួកគេប្រាកដជាសម្លឹង មើលពីសក្ដានុពលនៃការរីកចម្រើន, សក្ដានុពលនៃតម្រូវលើវិស័យធានារ៉ាបរង ដោយអ្នកទាំងអស់ដឹងហើយថា បច្ចុប្បន្នដោយសារតែភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច, វិស័យសង្គម ព្រមជាមួយចំណូលរបស់ពលរដ្ឋកាន់តែកើនឡើង ទាំងនេះជាកត្តាជំរុញ ក្នុងការសម្រេចចិត្តវិនិយោគលើវិស័យនេះ។
លោកបន្ថែមថា មួយវិញទៀតចំណូលរបស់ពលរដ្ឋនាពេលបច្ចុប្បន្ននេះ ក៏មានការកើនឡើងធ្វើឲ្យពួកគាត់មានតម្រូវការ ក្នុងការទិញផលិតផលធានារ៉ាបរង ដើម្បីការពារនូវហានិភ័យផ្សេងៗ ដែលអាចនឹងជួបប្រទះនៅពេលណាមួយ។
លោកបញ្ជាក់ថា «បើពិនិត្យមើលទំហំទីផ្សារនៃវិស័យធានារ៉ាបរងរបស់កម្ពុជា នាពេលបច្ចុប្បន្នធៀបនឹងទីផ្សារក្នុងតំបន់ និងទីផ្សារប្រទេសជិតខាង ទីផ្សារធានារ៉ាបរងនៅកម្ពុជា ស្ថិតក្នុងទំហំតូចនៅឡើយទេ។ បើធៀបទៅនឹងសេដ្ឋកិច្ច ដែលយើងគិតថាជាសូចនាករមួយ គឺទំហំបុព្វលាភធានារ៉ាប់រង ដែលយើងប្រមូលបានសព្វថ្ងៃ ធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប គឺវានៅមានទំហំតូចប្រហែល០.៦ ទៅ០.៧ភាគរយប៉ុណ្ណោះ ក្នុងពេលដែលក្នុងតំបន់អាស៊ាន យើងសូចនាករនេះមានដល់៣.៥ភាគរយ។ ទាំងនេះនឹងបង្ហាញថា ទីផ្សារវិស័យធានារ៉ាបរងនៅកម្ពុជា នូវមានសក្ដានុពល នាពេលខាងមុខទៀត»៕