(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចសាស្រ្តាចារ្យ សំដៅពង្រឹង គុណភាពសិក្សា ស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណល្អប្រពៃរបស់ខ្លួនបន្ថែមទៀត ដោយមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៅទីតាំងគោលរាជធានីភ្នំពេញ ចូលរួមសរុបប្រមាណ២០០នាក់ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងកិច្ចបើកអង្គប្រជុំលោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើន គួរឲ្យកត់សម្គាល់។ ដោយឡែកគុណភាព នៃការបណ្ដុះបណ្ដាលត្រូវបានលើកកម្ពស់ជាប្រចាំរយៈពេលជាង១៧ ឆ្នាំកន្លងមក CUS បានខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផែ្នកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បិរស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ដែលនេះបានបង្ហាញពីភាពរឹងមាំ និងភាពម្ចាស់ការរបស់ខ្លួន ក្នុងគោលបំណងសម្រេចឲ្យបាននូវគោលគំនិត «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា»។
លោកបណ្ឌិតប្រធាន បានអះអាងបន្ថែមថា ថ្មីៗនេះសាកលវិទ្យាល័យបានបំពាក់សម្ភារបរិក្ខាបន្ថែម និងបានសម្រួលបើកប្រាក់ខែជូនបុគ្គលិក និងសាស្រ្តាចារ្យ ពីរដងក្នុងមួយខែ ហើយកិច្ចការងារពង្រឹងគុណភាព នៅមានបន្ដទៅទៀត។ ជាក់ស្ដែងកិច្ចប្រជុំថ្ងៃនេះ គឺជាមួយនៃយន្ដការពង្រឹងគុណភាព។
កិច្ចប្រជុំមានគោលបំណង ទី១៖ ផ្សព្វផ្សាយជាបន្ដអំពី តួនាទី និងភារកិច្ចរបស់សាស្រ្តាចារ្យ ឲ្យកាន់តែទូលំទូលាយ និងទី២៖ ចែករំលែកបទពិសោធន៍ និងពិភាក្សា ឆ្លងឆ្លើយដើម្បីស្វែងរកអនុសាសន៍ ធើ្វឲ្យការអនុវត្តតួនាទី និងភារកិច្ចរបស់សាស្រ្តាចារ្យ កាន់តែប្រសើរឡើង ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ និងសាស្រ្តាចារ្យឲ្យកាន់តែប្រសើរ។
ក្រោយពីពិធីបើកវាគ្មិនបន្ដបន្ទាប់បានចូលរួម ចែករំលែកបទពិសោធន៍ តាមរយៈបទបង្ហាញអំពីភារកិច្ច និងតួនាទីរបស់សាស្រ្តាចារ្យ ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ១៖ វិធីសាស្រ្តបង្រៀន និងផែនការសម្រាប់ជំរុញ ឲ្យសាស្រ្តាចារ្យចូលរួមសរសេរអត្ថបទស្រាវជ្រាវ, ២៖ ការងាររៀបចំសៀវភៅគោល សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន, ៣៖ តួនាទីរបសសាស្រ្តាចារ្យ ក្នុងកិច្ចការងារស្ដង់ដាទាំង៩ ដែលកំណត់ដោយ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងតួនាទីទូទៅដទៃទៀត របស់សាស្រ្តាចារ្យ ដែលត្រូវដឹង ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ឈានទៅសម្រេចបាននូវគុណភាពបណ្ដុះបណ្ដាល។
ក្នុងកិច្ចប្រជុំនោះ ក៏មានការពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាច្រើនក្នុងនោះ លោក-លោកស្រី ជាសាស្រ្ដាចារ្យ បានលើកជាសំណួរមួយចំនួន ដើម្បីនាំឲ្យមានការបំភ្លឺ លើខ្លឹមសារនៃបទបង្ហាញ និងពិភាក្សាឲ្យកាន់តែស៊ីជម្រៅ។
ខ្លឹមសារសម្រេចរបស់អង្គប្រជុំបង្ហាញថា សាស្រ្តាចារ្យ និស្សិត បុគ្គលិកនៃ សាកលវិទ្យាល័យ និងដៃគូសហការណ៍ មានតួនាទីសំខាន់រៀងៗខ្លួន ហើយតួនាទីនេះ មានភាពប្រទាក់ក្រឡាគ្នា និងទាមទារឲ្យមានកិច្ច សហការដ៏ល្អ និងរលូន។ សាស្រ្តាចារ្យបន្ថែមពីសមត្ថភាព ជំនាញ សាស្រ្តាចារ្យត្រូវចូលរួម កិច្ចការងារ ស្រាវជ្រាវ ពង្រឹងវិន័យនិស្សិត ធានាឲ្យគុណភាព បង្រៀនបានល្អ ហើយនិស្សិតត្រូវមានវិន័យ ខិតខំស្រាវជ្រាវ ចូលរួមសកម្មភាពស្រាវជ្រាវដើម្បីទទួលបាន សមត្ថភាព និងជំនាញ។
សម្រាប់ដៃគូពាក់ព័ន្ធខ្លឹមសារ នៃឯកសារយុទ្ធសាស្រ្ត បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងស្ថាប័ន និងសាកលវិទ្យាល័យកាន់តែច្រើន តាមរយៈការ ផ្លាស់ប្តូរព័ត៌មាន ការផ្តល់ឱកាសទស្សនកិច្ចសិក្សា កម្មសិក្សា និងការងារ ព្រមទាំងការចូលរួមជាយោបល់លើកម្មវិធីសិក្សា ពង្រឹង និងពង្រីកសម្ភាររូបវន្ត បង្កើតយន្តការ និងសម្របសម្រួលការងារ ដើម្បីធានាបាននូវគុណភាព នៃការបណ្តុះបណ្តាល ស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ។
លោកបណ្ឌិត ស្តើង សុខុម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធចាប់ពីដើមរហូតមក ដែលជាលទ្ធផល បច្ចុប្បន្នសាកលវិទ្យាល័យ CUS មាន៨ទីតាំង ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិត២ម៉ឺននាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ។
សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ ជាមួយស្ថាប័ននានាក្នុងប្រទេសចំនួន៥០០ ក្រុមហ៊ុន ឬស្ថាប័ន និងសាកលវិទ្យាល័យ វិទ្យាស្ថាននានា ជាច្រើនដូចជា ប្រទេសកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៊ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានា មួយចំនួនទៀត៕