(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កម្ពុជា បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ជនមានពិការភាព បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៍ដោយ។
លោក ឯម ច័ន្ទមករា បានបន្ថែមថា បញ្ហាប្រឈមទាំងនេះជំរុញឱ្យយើងទាំងអស់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់យើង ដើម្បីរក្សាមធ្យោបាយ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបើកចំហឱកាសសម្រាប់ជនមានពិការភាពនៅកម្ពុជានិងតំបន់អាស៊ីនិងសហគមន៍អន្តរជាតិ។ យើងត្រូវតែធានាថា ពាណិជ្ជករ ក្នុងតំបន់អាស៊ី ដែលពិការភាពត្រូវចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការពាណិជ្ជកម្មនិងការវិនិយោគ និងត្រូវបានលើកទឹកចិត្តឱ្យ បង្កើតសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីទទួលបានជោគជ័យភាព ដែលនឹងបង្កើតការងារ និងមុខរបរសម្រាប់ពួកគេ។
ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុង សន្និសីទអាស៊ីស្តីពី «លទ្ធភាពការងារសម្រាប់ជនមានពិការភាព Workability Asia” លើកទី១១ ឆ្នាំ២០១៨» រៀបចំឡើងនៅសណ្ឋគារសាន់វ៉េ ចំនុចកណ្តាល នៃរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
សន្និសីទនេះរៀបចំដោយអង្គការបុគ្គលសារវន្តកម្ពុជា និងអង្គការ Workability Asia សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមប្រធានបទ «ជំរុញមានឱកាសការងារចម្រុះប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្ពោះទៅរកការប្រកួតប្រជែងប្រកបដោយនិរន្តរភាព»។
លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកបានចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។ សន្និសីទនេះមានប្រតិភូបរទេសជាពាណិជ្ជករ មន្ត្រីអង្គការអន្តរជាតិ
មកពីប្រទេសបង់ក្លាដេស សាធារណៈរដ្ឋប្រជាមានិតចិន ហ្វាំងឡង់ សាធារណរដ្ឋឥណ្ឌា ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ហូឡង់ ហ្វីលីពីន ព្រះរាជាណាចក្រថៃ សហរដ្ឋអាមេរិច និងសាធារណរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម ហុងកុង ម៉ាកាវ និងតៃវ៉ាន់។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការដដែល បានបន្តឲ្យដឹងថា ភាពរីកចម្រើននៃវិស័យជនមានពិការភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេសន្មត់ថា ជាគោលនយោបាយលើកទឹកចិត្ត ដែលជាការជំរុញយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុនវិនិយោគ នានាក្នុងការជ្រើសរើសជនមានពិការភាពឲ្យចូលបម្រើការងារ។
រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តជ្រើសរើសជនមានពិការភាពឲ្យចូលធ្វើការនៅតាមក្រសួងស្ថាប័ន រដ្ឋ ២% ហើយកម្ពុជាជាប្រទេសគំរូមួយ ក្នុងតំបន់ ដែលទទួលស្គាល់សារៈសំខាន់ នៃការរីកលូតលាស់វិស័យឯកជននិងស្វាគមន៍ការវិនិយោគរបស់បរទេសក្នុងគ្រប់វិស័យ ដើម្បីធានាដល់ការងារ របស់ជនមានពិការភាព ក្នុងគោលបំនង ទ្រទ្រង់សេដ្ឋកិច្ចឲ្យរឹងមាំនិងមាននិរន្តភាពសម្រាប់ជនមានពិការភាព។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា សង្ឃឹមយ៉ាងមោះមុតថា សន្និសីទរយៈពេល២ថ្ងៃនេះ នឹងផ្តល់ផលប្រយោជន៍លើកតម្កើងគុណភាពជីវិតជនមានពិការភាពទាំងនៅប្រទេសកម្ពុជា និងនៅតំបន់អាស៊ី៕