(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបញ្ជាក់ថា មកទល់ពេលនេះ មានស្តង់ពិព័រណ៌ជាង៦០០ស្តង់ មកពីក្រុមហ៊ុនវិស័យឯកជន និងក្រសួងស្ថាប័នរដ្ឋជាច្រើន បានចុះឈ្មោះចូលរួមនៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងពិធីរំលឹកខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះ-ឈ្នះ» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា បានបន្ថែមថា ក្រៅពីការតាំងពិព័រណ័របស់បណ្តាស្តង់នានានោះ ក៏ការមានរៀបចំការប្រកួតកីឡាការសម្តែងសិល្បៈ បញ្ចាំងរឿងភាពយន្ត ការប្រគំតន្រ្តី ដែលបើកឱ្យមហាជនចូលរួមដោយសេរី។ ហើយដោយឡែកនៅយប់ថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំនោះក៏នឹងមានកម្មវិធីបាញ់ កាំជ្រួច ដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ នឹងធ្វើការដាក់សម្ពោធរួមគ្នាជាមួយពិធីរំលឹកខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខ។
វិមានឈ្នះឈ្នះ ដែលសាងសង់យកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះ ត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៨ ហិចតាស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕