(កណ្តាល)៖ ដោយត្រួតពិនិត្យឃើញថា ម្ចាស់រណ្តៅដីឈ្មោះ «យ៉ុក យ៉ុម» មិនគោរពតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល លើការដឹកជញ្ជូនសារធាតុរ៉ែនោះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញ ចុះមកធ្វើការណែនាំដល់ម្ចាស់រណ្តៅដីនេះរួច ធ្វើកិច្ចសន្យាឱ្យផ្អាកបណ្តោះអាសន្នចំនួន៧ថ្ងៃ ជាការព្រមាន។ ប៉ុន្តែក្រោយពីឱ្យបើក ដំណើរការឡើងវិញហើយនោះ ម្ចាស់រណ្តៅដីនេះ នៅតែមិនគោរពច្បាប់ទៀតនោះ យើងនឹងឈានទៅដល់ការដកហូតអាជ្ញាប័ណ្ណ ស្ថិតនៅក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានថ្លែងថា ដើម្បីជំរុញឱ្យម្ចាស់រណ្តៅដីនីមួយៗ គោរពច្បាប់លើការដឹកជញ្ជូនសារធាតុរ៉ែនោះ មន្ទីររ៉ែខេត្តកណ្តាល បានចុះពិនិត្យ និងស្រាវជ្រាវរកទីតាំងរណ្តៅ ដែលល្មើសច្បាប់រួចចុះទៅណែនាំ និងធ្វើកិច្ចសន្យាឱ្យផ្អាកបណ្តោះអាសន្នចំនួន៧ថ្ងៃ ទើបអនុញ្ញាតឱ្យដំណើរការអាជីវកម្មវិញ។ ជាក់ស្តែងរណ្តៅដីមួយកន្លែងដឹកមិនគ្រប បង្កឱ្យធ្លាក់ អាចម៌ដីលើផ្លូវប៉ះពាល់ដល់អ្នកដំណើរតាមដងផ្លូវនោះ។
លោក យិន រដ្ឋា បានបន្តថា បន្ទាប់ពីធ្វើការផ្អាកសកម្មភាពដឹកជញ្ជូនអាចម៌ដី រយៈពេល៧ថ្ងៃ មន្ត្រីជំនាញនឹងអញ្ញាតិឱ្យធ្វើសកម្មភាពឡើងវិញ ប៉ុន្តែក្រោយពីឱ្យបើក ដំណើរការឡើងវិញហើយនោះ ម្ចាស់រណ្តៅដីនេះនៅតែមិនគោរពច្បាប់ទៀតនោះ យើងនឹងឈានទៅដល់ការដកហូតអាជ្ញាប័ណ្ណ។ ចំពោះបញ្ហាអាជ្ញាប័ណ្ណគាត់ជីកកាយអាចម៌ដី ប៉ុន្តែគាត់មានទាំងខ្សាច់ទៀតនោះ យើងក៏ពិនិត្យមើលដែរ បើឃើញថាច្រើនគឺតម្រូវ ឱ្យគាត់មានអាជ្ញាប័ណ្ណខ្សាច់តែម្តង។
លោកបានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្តែងរណ្តៅមួយនេះពុំ មានលក្ខណៈបច្ចេកទេសនោះទេ ដោយជីកមិនមានជើងទេត្រឹមត្រូវ គ្មានប្រព័ន្ធបង្ហូរទឹក បង្កឱ្យប៉ះពាល់ដល់ស្រូវស្រែរបស់ប្រជាពលរដ្ឋជិតខាងយ៉ាងធ្ងន់ធ្ងរ។ ទោះបីយ៉ាងណារណ្តៅដីមួយនេះ ត្រូវបានផ្អាកត្រឹម៧ថ្ងៃប៉ុណ្ណោះ និងធ្វើអាជីវកម្មឡើងវិញហើយ គេពុំទាន់ដឹងថា សុខទុកពលរដ្ឋជាអ្នកប្រកបរបរស្រែចំការ នៅជុំវិញរណ្តៅដីនោះមានការលំបាកយ៉ាងណានោះទេ៕