(កោះកុង)៖ លោក អ៊ូច ទូច ត្រូវបានក្រសួងធម្មការ និងសាសនា សម្រេចតែងតាំងជាប្រធានមន្ទីរធម្មការ និងសាសនាថ្មីខេត្តកោះកុង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងសាសនាទាំង៣ផងដែរ។
លោក អ៊ូច ទូច ប្រធានមន្ទីរថ្មី បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំខេត្ត ដែលបានសម្រេចផ្តល់ភារកិច្ចជូន លោកបានប្តេជ្ញាចិត្តខិតខំអនុវត្តការងារ ជូនខេត្តជូនប្រទេសរួមទាំងពុទ្ធសាសនា ឲ្យស្របទៅតាមច្បាប់ថ្នាក់លើ ថ្នាក់ខេត្ត ដាក់ជូនស្របទៅតាមច្បាប់ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំ គោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តិនានា ដែលកំពង់មានជាធរមានបានល្អប្រសើរ ជាពិសេសខិតខំអនុវត្តទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ហើយប្តេជ្ញារក្សានូវភាពសាមគ្គី សហការជាមួយមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដោយមិនរើសអើស នៃព្រះពុទ្ធសាសនាណាមួយឡើយ។
លោកសន្យាថា នឹងខិតខំរក្សាភាពផ្ទៃក្នុងឲ្យបានល្អ និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាអនុវត្តគោលការនយោបាយរបស់រាជរដ្ឋាភិបាល និងខេត្តដាក់ជូន ជាពិសេសបំរើប្រជាជន និងព្រះពុទ្ធសាសនាមូលដ្ឋានឲ្យមានការរីកចំរើន។
លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានផ្តាំផ្ញើឲ្យមន្រ្តីរាជការទាំងអស់ នៃមន្ទីរធម្មការ និងសាសនា ធ្វើយ៉ាងណាត្រូវអនុវត្តទៅតាមតួនាទីជាមន្ត្រីរាជការ ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាជនផ្នែកព្រះពុទ្ធសាសនា មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ ត្រូវគិតពីប្រទេស និងប្រជាពលរដ្ឋជាចម្បង ហើយនៅឲ្យគៀសជាមួយប្រជាជន ត្រូវចេះផ្តល់កម្លាំងកាយចិត្តពុទ្ធសាសនា ក្នុងគ្រាមានបញ្ហាអ្វីមួយ ដែលកើតឡើងសាសនាណា១ហើយ ត្រូវមានក្រមសិលធម៌ល្អ ជាមន្ត្រីរាជការល្អ ចេះសហការគ្នា សាមគ្គីគ្នាស្រឡាញ់គ្នា ដូចបងប្អូនដូចគ្រួសារតែមួយ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើនគ្រប់វិស័យ។
លោកបានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីដឹកនាំត្រូវអនុវត្តទៅតាមក្រមសិលធម៌ នៃពុទ្ធសាសនាត្រូវគ្រប់គ្រងមើល និងពន្យល់ដល់ព្រះសង្ឃឲ្យគោរពនៅសាសនារបស់ខ្លួន មិនត្រូវយល់ពុទ្ធសាសនាទៅលេងសើច ឬបង្កើតអប្បាយមុខណាមួយនាំសាសនាធ្លាក់ចុះឡើយ។ ក្នុងនោះលោកសូមអំពាវរនាវ ដល់សាសនាទាំងអស់ត្រូវគោរពសាសនារបស់ខ្លួន មិនត្រូវធ្វើឲ្យសាសនាដែលខ្លួនគោរពរាល់ថ្ងៃបាត់បង់កិត្តិយសឡើយ៕