(បន្ទាយមានជ័យ)៖ មន្ត្រីគយចល័តក្រុងប៉ោយប៉ែត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជូនរថយន្តទំនើបចង្កូតស្តាំមួយគ្រឿង គេចពន្ធទៅកាន់ស្នាក់ការគយ និងរដ្ឋការខេត្តបន្ទាយមានជ័យ និងឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់។
លោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា មន្ត្រីគយចល័តរបស់លោក បានបន្តសកម្មភាពទប់ស្កាត់រាល់ បទល្មើសជាក់ស្តែង ជាពិសេសទំនិញគ្មានគេចពន្ធ និងរថយន្តចង្កូតស្តាំតែម្តង។
លោក សាំង ណន អនុប្រធានការិយាល័យគយ និងរដ្ឋាករ បានថ្លែងថា ប្រតិបត្តិការបង្ក្រាបរថយន្តចង្កូតស្តាំនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ម្សលមិញ។ លោក «មន្ត្រីជំនាញយើងបង្ក្រាបបានរថយន្តទំនើបចង្កូតស្តាំ១គ្រឿង ដោយបានដាក់សង្ស័យ ចំពោះរថយន្តនោះ បន្លំឯកសារ (ក្លែងក្លាយ) និងបិតឈៀកពន្ធឆ្នាំ និងបិតពន្ធនាំចូលរថយន្ត តែទាំងអស់នោះគឺជាពន្ធក្លែងក្លាយ»។
ភ្លាមនោះលោកបានដឹកនាំមន្ត្រីជំនាញធ្វើការស្ទាក់ចាប់តែម្តង និងពិនិត្យឯកសារបានរកឃើញថារថយន្តម៉ាក FORD RANGER ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខនគរបាល 2-6088 គឺក្លែងក្លាយត្រង់ចំណុចឆ្នាំ ឯកសាររថយន្តឆ្នាំ២០១៨ តែរថយន្តឆ្នាំ២០១៧។
លោកបានបញ្ជាក់ថា ចំពោះរថយន្តខាងលើនេះ គឺបានបន្លំឯកសារកាត់គ្រី ផលិតរថយន្ត និងដាប់លេខតួរ លេខម៉ាស៊ីន ឱ្យត្រូវគ្នាជាមួយកាតគ្រី។ លោកក៏បានបញ្ជាក់បន្ថែម ចំពោះព័ត៌មានអនឡាញមួយចំនួន បានផ្សាយថា មន្ត្រីគយចល័តចាប់រថយន្តខាងលើនេះ បានមួយសន្ទុះ ត្រូវបានដោះលែងវិញមួយណាចាប់បានម៉ូតនេះ ទៅផ្សាយម៉ូតផ្សេងទៅវិញ ទាំងអស់នេះ គឺមិនពិតឡើយ។
សូមបញ្ជាក់ថា រថយន្តខាងលើ ពុំមានចុះនៅក្នុងបញ្ជីរថយន្តពាក់ផ្លាកលេខនគរបាល ដែលត្រូវបានដាក់ពន្ធអាករជាបន្ទុករដ្ឋ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនោះឡើយ។
បច្ចុប្បន្ន មន្ត្រីគយចល័ត បានបញ្ជូនរថយន្តខាងលើនេះ ទៅកាន់ស្នាក់ការគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយតាមនីតិវិធីច្បាប់៕