(ព្រៃវែង)៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះបំពេញភារកិច្ចត្រួតពិនិត្យសុវត្ថិ ភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារពោធិ៍កន្លែងស្ថិតនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
លោក អ៊ុត សុភាព បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមទៅលើសរសៃគុយទាវ នំបញ្ចុក នំបាញ់ហយ ត្រីងៀត ស្ករត្នោត សណ្តែកបណ្តុះ ត្រពាំងជ្រក់ លតស្វិត ដំណាប់ល្ហុង សរុបបាន ១៥ គំរូ ដែលលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ (Borax) ក្នុងផលិតផលគុយទាវ ចំនួន ៤.៦គីឡូក្រាម និងគុយទាវឆា ០.៥ គីឡូក្រាម បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំនិងធ្វើកិច្ចសន្យា ផ្តិតមេដៃ ដល់អ្នកធ្វើគុយទាវចំនួន២រូប ដែលការផលិតមានលក្ខណ:គ្រួសារ ដោយផលិត ពី ៤ ទៅ ១០ គីឡូក្រាម ក្នុង ១ ថ្ងៃ ដើម្បីឲ្យធ្វើការកែប្រែឡើងវិញ និងបានធ្វើកំណត់ហេតុដកហូតគុយទាវយកទៅកំទេចចោល។
លោកប្រធានសាខាបានបន្តថា ក្រៅពីការវិភាគ មន្ត្រីជំនាញក៏បានរកឃើញទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ដូចជា៖ ទឹកក្រូចចំរុះ១០៤ ដប, នំកន្ទួក៦ថង់, កាពិត៦ដប សរុបស្មើ៥២.៥ គីឡូក្រាម និងទឹកបរិសុទ្ធម៉ាកអូគិថាណា ចំណុះ៥០០មីលីលីត្រ ពុំមានអាស័យដ្ឋានច្បាស់លាស់ និងពុំមានកាលបរិចេ្ឆទប្រើប្រាស់ត្រឹមត្រូវឲ្យស្របតាមច្បាប់កំណត់ ចំនួន៧២ដបផងដែរ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារ ក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារឈើកាច់ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ៕