(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន Top4 Realty Co.ltd ដែលជាភ្នាក់ងារលក់អចលនទ្រព្យអាជីព បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ចំពោះលទ្ធផលនៃដំណើរការលក់គម្រោងអគារពាណិជ្ជកម្ម ថ្រាយអឹម(TCC) របស់ក្រុមហ៊ុនចិន ដែលវិនិយោគទឹកប្រាក់១,០០០លានដុល្លារ នៅឃ្លាំងកំពង់ផែស្វយ័ត្តក្រុងភ្នំពេញ។
បន្ទាប់ពីដំណើរការលក់គម្រោងអគារពាណិជ្ជកម្ម TCC ក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវ៉េសមិន បានចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុន Top4 Realty Co. ltd ដើម្បីផ្សព្វផ្សាយលក់នូវគម្រោងខ្នាតយក្សមួយនេះជាផ្លូវការ។ក្រោយដំណើរការលក់រយៈពេល ជាង២ខែកន្លងមកនេះ លោក សាន ភារិន អ្នកជំនាញអចលនៈទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនខាងលើបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ចំពោះលទ្ធផលលក់កន្លងមក ដែលមានការគាំទ្រយ៉ាងខ្លាំងពីអាជីវករ ក៏ដូចជាអ្នកវិនិយោគនានា។
លោកនិយាយថា៖ «សម្រាប់ដំណើរការលក់អគារA រយៈពេល១ខែ យើងលក់បានជាង៩០ភាគរយ ហើយរយៈពេល១សប្ដាហ៍នៃដំណើរការលក់អាគារ B ថ្មីៗនេះ យើងលក់បានរហូតដល់៤០ភាគរយ ទៅហើយ ទាំងនេះហើយដែលធ្វើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំង។ ម្យ៉ាងទៀត បងប្អូនអាជីវករ និងអ្នកវិនិយោគលោកមានទំនុកចិត្ត»។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានអះអាងថា ការសម្រេចចិត្តសហការលក់ដូច្នេះ ក៏ព្រោះតែមើលឃើញពីចក្ខុវិស័យច្បាស់លាស់របស់ភាគីចិន ដោយឈរលើគោលនយោបាយ «ខ្សែក្រវ៉ាត់១ផ្លូវ១» ដែលជាស្ពានតភ្ជាប់ប្រទេសទាំងពីរកម្ពុជា-ចិន។ ម្យ៉ាងទៀត គម្រោងមួយនេះ បានផ្ដល់ការងារជាច្រើន ដល់ប្រជាជនកម្ពុជា ជាក់ស្ដែងបុគ្គលិករបស់លោករាប់រយនាក់ ក៏ទទួលបាននូវប្រយោជន៍ពីចិន។
លោកបន្តថា៖ «មិនមែនចិនទាំងអស់សុទ្ធតែអាក្រក់ទេ ជាក់ស្ដែងម្ចាស់គម្រោង TCC ដែលវិនិយោគនៅកម្ពុជាយើង គឺបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិយើងមួយចំណែក ហើយបុគ្គលិករបស់ខ្ញុំម្នាក់ៗទទួលបានកម្រៃជើងសារខ្ពស់ព្រោះក្រុមហ៊ុនទាំងពីរ បានចុះ MOU ជាមួយគ្នាច្បាស់លាស់ណាស់»។
ក្នុងនាមជាភ្នាក់ងារលក់អាជីព ក្រុមហ៊ុនរបស់លោក បានរៀបចំធ្វើសិក្ខាសាលា ជាបន្តបន្ទាប់នៅការិយាល័យលក់នៅកំពង់ផែក្រុងភ្នំពេញតែម្ដង ដោយអញ្ជើញអាជីវករជាច្រើនរូប ចូលរួមស្វែងយលពីគម្រោងមុនឈានដល់ការសម្រេចចិត្ត។
ដោយឡែក លោក ចិន តៃអាន អគ្គនាយកក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវ៉េសមិន និងជាម្ចាស់គម្រោងអាគារពាណិជ្ជកម្ម TCC បានឱ្យដឹងនៅក្នុងសិក្ខាសាលា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញថា ចាប់តាំងពីបានចុះកិច្ចព្រមព្រៀងពាក់ព័ន្ធ នឹងគម្រោងមជ្ឍមណ្ឌលពាណិជ្ជកម្ម ថ្រាយអឹម ជាមួយកំពង់ផែស្វយ័តក្រុងភ្នំពេញនៅចុងឆ្នាំ២០១៦រួចមក ក្រុមហ៊ុនទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា។
បើតាមអ្នកវិនិយោគរូបនេះ ក្រុមហ៊ុនប្រឹងប្រែងធ្វើយ៉ាងណាឱ្យសំណង់មានគុណភាព ហើយលោកជឿថា TCC នឹងក្លាយជាមជ្ឈមណ្ឌល ទេសចរណ៍ កម្សាន្តអន្តរជាតិ ហើយក៏នឹងក្លាយជាទីក្រុងទេសចរណ៍វប្បធម៌ នៃប្រទេសកម្ពុជា ដោយមានក្រុមហ៊ុនជាង១០,០០០ និងទំនិញជាង១០ម៉ឺនមុខប្រមូលផ្ដុំនៅទៅនោះ។
សូមបញ្ជាក់ថា គម្រោង ថ្រាយអឹម វិនិយោគលើផ្ទៃដីជិត១០ហិចតា នៅត្រង់ចំណុចឃ្លាំងកំពង់ផែស្វយ័ត្តក្រុងភ្នំពេញ ក្នុងរយៈពេលវិនិយោគ ៤០ឆ្នាំ។ ដំណាក់កាលដំបូងនៃគម្រោងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ព្រមទាំងគ្រោងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០២០៕