(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ប្រឈមនឹងហានិភ័យនៃការស្លាប់កម្រិតខ្ពស់ បណ្ដាលមកពីជំងឺដែលកើតមានជារឿយៗ ក្នុងកុមារភាព ដូចជាជំងឺរាក និងជំងឺរលាកសួត ។
ការថែ្លងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតអាហារព្យាបាល សម្រាប់កុមារកង្វះអាហាររូបបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាម២០១៨នេះ ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា យោងតាមការអង្កេតប្រជារាស្ដ្រ និងសុខភាពឆ្នាំ២០១៤ អត្រាប្រ៉េវ៉ាឡង់ នៃបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ នៅលើកុមារកម្ពុជា ជាអាយុក្រោម៥ឆ្នាំ មានប្រមាណ ៩.៦% ។ នេះជាអត្រាដ៏ខ្ពស់ ក្នុងខណៈដែលកម្ពុជាយើងកំពុងស្ថិតនៅលើមាគ៌ាឈានឡើង នៃកំណើនសេដ្ឋកិច្ច គួរឲ្យកក់សម្គាល់។ ដូចនេះកម្ពុជា បានប្ដេជ្ញាចិត្ដ សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយចេរភាព ដែលបានកំណត់គោលដៅកាត់បន្ថយអត្រាប្រ៉េវ៉ាឡង់ នៃបញ្ហាកង្វះអាហារូបត្ថម្ភនេះនៅលើកុមារ ឲ្យនៅតិចជាង៥% ។
រដ្ឋមន្ដ្រីបន្ដថា «កតា្ដអាហារូបត្ថម្ភ បានរួមចំណែកប្រមាណ៣០% នៃមរណភាពរបស់កុមារក្រោមអាយុ៥ឆ្នាំ ហើយនៅកម្ពុជាយើង ចាប់តាំងពីដើមទស្សវត្សន៍ឆ្នាំ២០០០ មកទល់បច្ចុប្បន្នក្រសួងសុខាភិបាល បានផ្ដល់ការថែទាំព្យាបាលដល់កុមារ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរប្រមាណ៥,៥០០នាក់ ក្នុងចំណោមកុមារប្រមាណ៩ម៉ឺននាក់ ដែលត្រូវការព្យាបាលប្រមាណ៦%» ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីបន្ដថា អង្គការជាច្រើន កំពុងផ្ដោតការយកចិត្ដទុកដាក់លើការកាត់បន្ថយបញ្ហាក្រេះក្រិន និងកំពុងធ្វើការកៀរគរធនធានសម្រាប់អភិក្រម្យពហុវិស័យ ប៉ុន្ដែយើងត្រូវប្រាកដថា រាល់កុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ បានទទូលការព្យាបាលសមស្រប។ ដំណាក់កាលស្គមស្គាំងធ្ងន់ធ្ងរ មានផលប៉ះពាល់ ជាអវិជ្ជមានដល់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ដែលបញ្ហាទាំងពីរ ជាទម្រង់ពីរផ្សេងគ្នា នៃកង្វះអាហារូបត្ថម្ភ និងតំរូវឲ្យមានអន្ដរាគមន៍ផ្សេងគ្នា ដើម្បីបង្ការ និងព្យាបាលក្ដី»។
រដ្ឋមន្ដ្រីថ្លែងបន្ថែមថា «ដោយហេតុនេះហើយ ថ្ងៃនេះយើងមានមោទនភាពណាស់ ក្រសួងសុខាភិបាល និងដៃគូទាំងអស់ ដែលរួមមានជំរុញធ្វើឲ្យលេចចេញ ជារូបរាងឡើងនូវរោងចក្រផលិតអាហារព្យាបាលសម្រាប់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ដែលមានអង្គការយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃសាធារណបារាំង និងពិសេសក្រុមដេនីស ឃែរ ហ៊្វូដ (Danish Care Food Co., Ltd) ។ រោងចក្រ ក្នុងស្រុកយើងមួយនេះ នឹងរួមចំណែកគាំទ្រ ដល់ការព្យាបាលកុមារ កង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនេះ» ។
ទន្ទឹមនឹងនោះ លោកស្រី វីវៀនណា ប៊េលម៉ុងតេ (Wivina Belmonte) នាយកស្ដីទីអង្គការយូនីសេហ្វ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច បានថ្លែងថា «យើងនឹងមិនបណ្ដាឲ្យកុមារណាម្នាក់ បន្ដស្លាប់ដោយជំងឺកង្វះអាហារូបត្ថម្ភនេះទៀតទេ ទោះការបញ្ចប់កង្វះអាហារូបត្ថម្ភនេះ គឺជារឿងដ៏លំបាក ដែលទាមទារឲ្យមានឆន្ទៈ និងនយោបាយជាធំនោះ។ ដោយកន្លងមកនេះ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានកុមារក្រោមអាយុ៥ឆ្នាំ ជាង៥លាននាក់ កំពុងរងគ្រោះ ពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ហើយវាជាមូលហេតុដ៏ចម្បងមួយ ដែលនាំឲ្យកុមារក្រោមអាយុ៥ឆ្នាំបាត់បង់ជីវិត» ។
លោកស្រី វីវៀនណា ប៊េលម៉ុងតេ ថ្លែងបន្ដថា តាមរយៈការសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតអាហារព្យាបាល សម្រាប់កុមារកង្វះអាហាររូបបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ នៅថ្ងៃនេះ ដែលកម្ពុជា ជាប្រទេសទី២ហើយ នៅក្នុងតំបន់ដែលកំពុងផលិតដោយខ្លួន នូវអាហារសម្រាប់ព្យាបាលដែលមានប្រើប្រាស់បានភ្លាមៗនេះ។
លោកស្រីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្ដល់នំត្រីនូទ្រីក (Nutrix) ដែលជាអាហារព្យាបាលបែបអាហារសម្រន់ និងមានតម្លៃសមរម្យនេះ សម្រាប់ព្យាបាលកុមារក្រោមអាយុក្រោម៥ឆ្នាំ ដែលកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនេះ នៅតាមសហគមន៍ដាច់ស្រយាល និងសហគមន៍ក្រីក្រ តាមរយៈមណ្ឌលសុខភាពមូលដ្ឋាន។ នៅកម្ពុជាគេប៉ាន់ប្រមាណថា មានកុមារចន្លោះពី ៦-៩ម៉ឺននាក់ ក្នុងមួយឆ្នំាៗ ត្រូវការព្យាបាលពិសេស ដូចជាការព្យាបាលតាមរយៈអាហារព្យាបាលបែបនេះជាដើម ។
សូមជម្រាបថា នំនូទ្រីក (Nutrix) ត្រូវាបានផលិតឡើងដោយតំរូវទៅតាមរសជាតិ ដែលកុមារកម្ពុជាចូលចិត្ដ ដើម្បីបង្កើនភាពអាចទទួលយកបាន ក្នុងការទទួលការព្យាបាល និងបន្ដទទួលការព្យាបាល ។បុគ្គលិកសុខាភិបាល ជួបជាមួយកុមារដែលទទួលបននំសម្រាប់ព្យាបាលប្រភេទថ្មីនេះជារៀងរាល់ខែ ដើម្បីតាមដានការអភិវឌ្ឍ និងលូតលាស់របស់ពួកគេ ។ជាង១០០កន្លែងទូទាំងប្រទេស បានកើនឡើងពី ១,៦០៤នាក់ ក្នុងឆ្នាំ២០១១ ដល់៥.៥៧៦នាក់ ក្នុងឆ្នាំ២០១៧ ។កុមារកាន់តែច្រើននាក់កម្ពុជា អាចទទួលបានការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភ ស្រួលស្រាលធ្ងន់ធ្ងររបស់ពួកគេ តាមរយៈនំនូទ្រីកនេះ ៕