(កំពង់ធំ)៖ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិការនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងសហការី បានចូលរួមចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ជនគ្មានទីពឹង នៅក្នុងស្រុកសណ្ដាន់ចំនួន ៣ឃុំ ស្មើនឹង ២០០គ្រួសារ ក្នុងខេត្តកំពង់ធំ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលក្នុងនោះ មួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងឃីតមួយកញ្ចប់។
លោកស្រី ហួន ចាន់បូរ៉ា បានថ្លែងថា ការចែកអំណោយនេះមិនមែនជាលើកទី១ទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមានដូចជា ស្ត្រីផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋទីទាល់ក្រ កំពុងមានការជួបលំបាកនៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយមិនគិតនឹងសំដៅ ទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ការចែកអំណោយនេះ មានបន្តិចបន្តួចក៏ពិតមែន តែបានជួយចែករំលែកទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាតក្នុងការរស់នៅ មួយចំណែកផងដែរ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។
លោកស្រីបានបន្ថែមទៀតថា នេះគឺជាអំណោយរបស់ កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ លើសពីនេះទៀត ដោយសារការដឹកនាំដោយឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួម សហការយ៉ាងជិតស្និទ្ធជាមួយសប្បុរសជន ជាបុគ្គលិក ជាអង្គភាព អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនផ្សេងៗ។
លោកស្រី លំ គន្ធារី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលរស់នៅគ្រប់ទីកន្លែង ដោយមិនគិត ឬប្រកាន់ពូជសាសន៍ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
លោកស្រី ក៏បានបន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺធ្វើឡើងទូទាំងប្រទេស ដែលកាកបាទក្រហមបានរៀបចំ សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក។ ជាចុងក្រោយលោកស្រីបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសវាងពីការប្រើប្រាស់គ្រឿងញៀន និងរស់នៅឱ្យមានអនាម័យ ដោយហូបស្អាតផឹកស្អាតនិងរស់នៅស្អាត ជាពិសេសនៅពេលគេងត្រូវគេងក្នុងមុងផងដែរ៕