(ស្ទឹងត្រែង)៖ ថ្លែងចេញពីខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីផ្តល់ថាមពលខ្ពស់ជាងគេនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញអាជ្ញាធរអគ្គិសនីត្រូវបន្ដ ខិតខំប្រឹងប្រែងតបណ្ដាញអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ក្នុងពិធីនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា តាមរបាយការណ៍របស់លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្ដាញអគ្គិសនីជាតិ បានបញ្ជូនទៅស្ទើរគ្រប់ទូទាំងប្រទេសហើយ គឺរហូតដល់៩៦ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវបន្ដការខិតខំលើរឿងនេះតទៅទៀត មិនទាន់ចប់ត្រឹមគម្រោងប៉ុណ្ណោះទេ ចឹងមានសញ្ញាប្រកាសឲ្យយើងដឹងថា បើយើងមិនខិតខំបង្កើននូវអគ្គិសនី ហើយគិតថាការគ្រោងទុកចាស់របស់យើង យើងនឹងអាចខ្វះអគ្គិសនីនៅឆ្នាំ២០២០-២០២១ ជាក់ជាមិនខាន ដូច្នេះបានត្រូវរកវិធីយ៉ាងណាដើម្បីដោះស្រាយ។ ម្យ៉ាងទៀត ការបន្ដបញ្ចូនខ្សែអគ្គិសនីទៅតាមបណ្ដាខេត្ត ទៅតាមកន្លែងនានា ត្រូវតែខិតខំធ្វើបន្ដ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បើទោះបីបណ្ដាញជាតិបានគ្រប់គ្រងរហូតទៅដល់ជាង៩៦ភាគរយ ប៉ុន្ដែនៅសល់១២មូលដ្ឋាន ដែលនៅប្រើប្រាស់អគ្គិសនី ដែលឯកជនផលិតតម្លៃក្នុងចន្លោះជាង២,០០០រៀល ទៅជាង៣,០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដូច្នេះអាជ្ញាធរអគ្គិសនី ត្រូវខិតខំរកវិធីពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរុញបណ្ដាញជាតិទៅទីកន្លែងដែលកំពុងខ្វះអគ្គិសនី។
យ៉ាងណាមិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា ចំនួនភូមិឋានរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ មានរហូតដល់១២,៣០៥ភូមិ ត្រូវជា៨៦,៨៥ភាគរយ នៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា។ ដោយឡែក សម្រាប់ខេត្តវិញ បានតបណ្ដាញរហូតដល់២០ខេត្ត លើ២៥ខេត្ត។
គួរជម្រាបថា វារីអគ្គិសនីសេសានក្រោម២ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ ជាវារីអគ្គិសនីផ្តល់ថាមពលខ្ពស់ជាងគេនៅកម្ពុជា ហើយបន្ទាប់ពីដំណើរការ នឹងមានការបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងផែនការនៃការបញ្ចុះតម្លៃអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥៕