(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ បានជំរុញដល់នគរបាលការពារបេតិកភណ្ឌទាំងអស់ ត្រូវបង្កើនការការពារសម្បត្តិបេតិកភណ្ឌទាំងលើគោក និងក្រោមទឹកឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈសម្បត្តិបេតិកភណ្ឌខ្មែរ មានរាប់ពាន់ដែលបានសន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់មុននោះ។
ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា ក្នុងនាមជាមន្រ្តីនគរបាលការពារបេតិកភណ្ឌត្រូវសហការគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ការពារឲ្យបានគង់វង់ នូវសម្បត្តិបេតិកភណ្ឌទាំងលើគោក និងក្រោមទឹក និងត្រូវធ្វើអ្វីៗមានសីលធម៌ និងវិជ្ជាជីវៈបំផុតផងដែរ។
អគ្គស្នងការរងរូបនេះ បានបន្តថា បច្ចុប្បន្នបានរកឃើញនៅស្ថានីយ៍បូរាណស្ថានរាប់ពាន់កន្លែងទៀត នាពេលថ្មីៗនេះ ហើយយើងត្រូវសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារឲ្យបានគង់វង្ស និងសម្រាប់ទុកជាសម្បត្តិបេតិកភណ្ឌដល់មនុស្សជាតិជំនាន់ក្រោយ។
លោកឯកឧត្តមសេនីយ៍ សង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងត្រូវតែប្តេជ្ញាចិត្តរួមគ្នា ដើម្បីកំណត់ឲ្យបាននូវទស្សនៈវិស័យរបស់មន្រ្តីនគរបាលការពារបេតិកភណ្ឌទាំងអស់ ត្រូវតែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ការពារបេតិកភណ្ឌជាតិគ្រប់ទីកន្លែងឲ្យបានស្ថិតស្ថេរគង់វង្ស និងរក្សាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងដែនសមត្ថកិច្ចដែលយើងទទួលខុសត្រូវរបស់ខ្លួន»។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក សេក ភូមី ក៏បានថ្លែងកោតសរសើរចំពោះការខិតខំ របស់នគរបាលការពារបេតិកភណ្ឌទាំងដែលបានព្យាយាម និងខិតខំថែរក្សានូវសម្បត្តិវប្បធម៌ និងបេតិកភណ្ឌខ្មែរនាពេលកន្លងមកដោយទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
សូមជម្រាបថា មន្រ្តីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តាំងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នាឱកាសនេះ មានចំនួន ១០៣នាក់ ក្នុងនោះ មន្រ្តីនគរបាលដែលមកពី អង្គភាពការពារបេតិកភណ្ឌព្រះវិហារ សៀមរាប និងបន្ទាយឆ្មារ ទទួលបានថវិកាឧបត្ថម្ភម្នាក់៥ម៉ឺន ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕