(មណ្ឌលគិរី)៖ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារ, មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ រកទំនិញខូចគុណភាពតាមផ្ទះនានា នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារពិនិត្យតាមផ្ទះលក់ទំនិញនានានៅឃុំប៊ូស្រា ហើយបានធ្វើតេស្តទៅលើ ត្រីងៀត ត្រីផ្អក ត្រីប្រម៉ា ខ្ញីហាន់ សណ្តែកបណ្តុះ ស្ពៃក្តោប ស្ពៃក្រញាញ់ ស្ពៃបូកគោ ស្ករត្នោត តែរកមិនឃើញផលិតផលណាមួយមានលាយសារធាតុគីមីហាមឃាត់នោះទេ និងពិនិត្យទៅលើអំបិល ជាលទ្ធផលមានសារធាតុអ៊ីយូត។
មន្រ្តីកាំកុងត្រូលបានបន្តថា ក្រុមការងារបានចុះពិនិត្យរកឃើញទំនិញភេសជ្ជៈចំនួន១៩៣គីឡូក្រាម ហួសកាលបរិច្ឆេទ ហើយបានធ្វើកំណត់ហេតុ ដកហូតដុតកំទេចចោលភញលាមៗ ផងដែរ។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់លោក បានណែនាំដល់អាជីវករឲ្យចៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។
ដោយឡែកចំពោះការឃ្លាំពិនិត្យ មើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូត នៅតាមបណ្តាស្ថានីយ៏ប្រេងឥន្ធនៈនានា ក្នុងខេត្តមណ្ឌលគិរី គឺមានតម្លៃសមស្រប ទៅនឹងសេចក្តី ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕