(ភ្នំពេញ)៖ ករណីអគ្គិភ័យដែលបាន ឆាបឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង១២៖០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានបំផ្លាញផ្ទះអស់២ខ្នង និងប្រើប្រាស់ឡានទឹកអស់១៣គ្រឿង។ បើតាមសមត្ថកិច្ច ករណីអគ្គិភ័យនេះ បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើង។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ Fresh News ឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កឡើងដោយម្ចាស់ផ្ទះឈ្មោះ ឡុង តង់ទីណូ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មន្ត្រីយោធិនចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ រីឯជនរងគ្រោះដែលត្រូវបានអគិ្គភ័យឆាបឆេះ មានឈ្មោះ សេង វ៉ាឌី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមេភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ផ្ទះនេះ ភេទសំណង់ ថ្មប្រក់សង្ក័សី ទំហំ៤ម៉ែត្រគុណ នឹង១០ម៉ែត្រ។
ករណីនេះ ក៏មិនបានបណ្តាលឲ្យមាន មនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ព្រហ្ម យ៉ន។
លោក ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលាម៉ោង១២៖៣០នាទី ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ដោយក្នុងនោះ រថយន្តជំនួយមានរថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន និងរថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡានផងដែរ៕