(ភ្នំពេញ)៖ លោក ចាន់ ចេន មេធាវីរបស់ លោក កឹម សុខា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់លោក កឹម សុខា និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងប្រទេស។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានប្រកាសថា រាល់ការបញ្ចេញមតិរបស់ អតីតថ្នាក់ដឹកនាំ CNRP នៅក្នុងប្រទេសក្នុងនោះមានទាំងលោក កឹម សុខា ផងដែរ នឹងមិនអាចយកជាការបានទេ ដោយលោកអះអាងថា ការបញ្ចេញមតិរបស់ពួកគេ ធ្វើឡើងក្រោមគំនាបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ចាន់ ចេន បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «សម្តីរបស់លោក សម រង្ស៉ី បែបនេះគឺ ទី១៖ ជាលេសដើម្បីបោកប្រាស់អ្នកគាំទ្រខ្លួននៅក្រៅប្រទេស ឱ្យគាំឱ្យខ្លួនធ្វើបក្សប្រហារ ដើម្បីមហិច្ឆិតាអំណាច ដោយប្រមាថឆន្ទៈមនសិកាទាំងស្រុងរបស់ លោក កឹម សុខា។ ទី២៖ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះភាពអង់អាចក្លាហាន ការលះបង់ និងឧត្តមគតិអ្នកដែលតស៊ូ នៅក្នុងសមរភូមិនយោបាយក្នុងប្រទេសដូចជា លោកប្រធាន កឹម សុខា ក៏ដូចជាអ្នកវិភាគនយោបាយឯករាជ្យ មេធាវី និងជាពិសេសសកម្មជន CNRP នៅក្នុងប្រទេស»។
លោកបានបន្តទៀតថា «យើងអាចសួរទៅ លោក សម រង្ស៉ី វិញថា សកម្មជន CNRP ខ្លះបានជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រលោក សម រង្ស៉ី ថ្មីៗនេះ ធ្វើក្រោមគំនាប លោក ហ៊ុន សែនឱ្យធ្វើឬ? ការពិតក្នុងប្រទេសកម្ពុជា អ្នកជាប់ឃុំគេកម្រិតនូវសេរីភាពមែន។ ប៉ុន្តែអ្នកក្លាហាន មានមនសិកាច្បាស់លាស់ហ៊ានលះបង់ ទោះបីនៅក្នុងឃុំ ឬនៅក្នុងអំណាចកៀបសង្កត់ ក៏គេនូវតែរក្សាឧត្តមគតិគេ មិនចេះតែធ្វើតាមគេបញ្ជារ ផ្ទុយទៅវិញគេនូវតែឆ្លៀតប្រើសិទ្ធិរបស់គេតាមច្រកណា ដែលគេអាចធ្វើបាន គេមិនធ្វើអំពើថោកទាបដូចការលាបពណ៌ មូលបង្កាច់ ចោទប្រកាន់របស់ លោក សម រង្ស៉ី នោះទេ»។
ក្រៅពីមេធាវីរបស់ លោក កឹម សុខា ក៏មានផងដែរនៅអតីតមន្រ្តីសំខាន់ៗរបស់អតីតគណបក្សសង្រ្គោះជាតិ បានចេញមុខប្រតិកម្មនឹងការប្រមាថរបស់ លោក សម រង្ស៉ី នាពេលនេះ។
លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យលោក កឹម សុខា បាននិយាយថា ទោះបីជាលោកត្រូវបានដកសិទ្ធិធ្វើនយោបាយ ប៉ុន្តែលោកមិនមែនជាចំណាប់ខ្មាំងរបស់នរណាឡើយ។ លោកនៅតែអាចអនុវត្តសិទ្ធិសេរីភាពរបស់លោក តាមមធ្យោបាយផ្សេងទៀត វៀរលែងតែចូលរួម ឬធ្វើសកម្ម ឬឈរឈ្មោះឱ្យគណបក្សនយោបាយណាមួយ។
លោកបានបញ្ជាក់ថា «អ្នកមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយខ្ញុំក៏មានដូចអ្នកដែរ ដូច្នេះយើងត្រូវតែគោរពគ្នាទៅវិញទៅមក។ មនុស្សកើតមកដោយស្មើភាព។ អ្នកអាចមានអំណាចរដ្ឋ ឬអំណាចនយោបាយច្រើន ឬខ្ពស់ជាងខ្ញុំ ប៉ុន្តែអ្នកមិនអាចមានសិទ្ធិ និងសេរីភាពច្រើនជាងខ្ញុំឡើយ»។
ការប្រមាថរបស់ លោក សម រង្ស៉ី ទៅលើលោក កឹម សុខា និងអតីតថ្នាក់ដឹកនាំ CNRP នៅក្នុងប្រទេស បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា និងក្រុមរបស់លោក បានជំទាស់ទៅនឹងលទ្ធផលសន្និសីទដែលសម្រេចតែងតាំង លោក សម រង្ស៉ី ជាប្រធានស្តីទី នៃ(អតីត)គណបក្សសង្រ្គោះជាតិ រួមទាំងជំទាស់នឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ដែលហាមមិនឱ្យអតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក គង់ គាំ និង លោក អ៊ូ ច័ន្ទរ័ត្ន ត្រូវបានក្រុមរបស់លោក សម រង្ស៉ី ចោទថា ជាជនក្បត់បក្សបន្ទាប់ពីផ្តល់បទសម្ភាសដល់ អ្នកសារព័ត៌មានគាំទ្ររាជរដ្ឋាភិបាល អំពីជំហររបស់ពួកគេ ពាក់ព័ន្ធនឹងការទទួលយកសិទ្ធិធ្វើនយោបាយផងដែរ៕