(ភ្នំពេញ)៖ ដើម្បីអបអរសាទរ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ «លើកកំពស់សិទ្ធិជនពិការភាពធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» លោកស្រី សៀង ចាន់ហេង បានឧបត្ថម្ភផ្តល់អាហារសាមគ្គី និងថវិកា៤ពាន់ដុល្លាអាមេរិក ដល់បងប្អូនជនមានពិការភាពជាង១ពាន់នាក់។
កម្មវិធីនេះដែរ បានប្រព្រឹត្តិទៅកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានប្រជាធិបតេយ្យ។
លោកស្រី សៀង ចាន់ហេង បានថ្លែងថា «នេះជាការចូលរួមចំណែកលើកទឹកចិត្តដល់បងប្អូនពិការភាព កុំឲ្យមានការអស់សង្ឃឹម ទោះបីជាខ្លួនពិការយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់ជានិច្ច និងគិតគូរ ដល់ការប្រកបមុខរបរ និងការរស់នៅររបស់ជនពិការភាព ជាក់ស្តែងមានការផ្តល់លំនៅដ្ឋានដល់ពួកគាត់ ដូចជាតំបន់អភិវឌ្ឍន៍ជនមានពិការភាព ៣១៧នាក់ នៅតាកែនកោះស្លា ខេត្តកំពត, នៅស្រុកគូលែនខេត្តសៀមរាប, និងភ្នំឆ័ត្រខេត្តបន្ទាយមានជ័យជាដើម»។
លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា កម្មវិធីផ្តល់អាហារបាយសាមគ្គី ជូនជនពិការភាព គឺធ្វើជារៀងរាល់ឆ្នាំ ដែលមានសប្បុរជននានា ចូលរួមក្នុងការឧបត្ថម្ភកម្មវិធីនេះផងដែរ ហើយនេះជាលើកទី២ ហើយដែលលោកស្រី សៀង ចាន់ហេង បានផ្តល់អាហារសាមគ្គីដល់ជនពិការភាព៕