(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាសាធារណៈថា វារីអគ្គិសនីសេសានក្រោម២ ដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ មិនមែនសម្រាប់ផ្គត់ផ្គង់ ថាមពលតែនៅមូលដ្ឋានខេត្តស្ទឹងត្រែង តែ១នោះទេ គឺអាចផ្គត់ផ្គង់ថាមពលទៅបណ្តាខេត្តផ្សេងៗទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ វារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន ខ្មែរ និងវៀតណាម នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការបញ្ចេញពីអគ្គិសនីចេញពីខេត្តស្ទឹងត្រែងនេះ គឺត្រូវទៅកាន់បណ្តាខេត្តផ្សេងៗ មិនមែនត្រឹមតែផ្គត់ផ្គង់តែនៅក្នុងខេត្តស្ទឹងត្រែងទេ។ ខេត្តស្ទឹងត្រែងឥឡូវនេះ ប្រើត្រឹមតែប៉ុន្មានមេហ្គាវ៉ាត់តែប៉ុណ្ណោះ»។
វារីអគ្គិសនីសេសានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គីសនី ប្រវែង ៦,៥គីឡូម៉ែតនេះ ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។
វារីអគ្គិសនីសេសានក្រោម២នេះ មានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ ក្រុមហ៊ុនលើទឹកប្រាក់វិនិយោគជិត ៨០០លានដុល្លារអាមេរិក។ ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈពេលសម្បទាន៤៥ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុននឹងមានការសាងសង់វារីអគ្គិសនីនេះ មានអ្នកពេញចិត្ត និងមានអ្នកមិនពេញចិត្ត ប៉ុន្តែទោះជាយ៉ាងនេះក្តីអត្រាប្រជាពលរដ្ឋ ដែលពេញចិត្តចំពោះគម្រោងសាងសង់វារីអគ្គិសនីមានចំនួនច្រើនជាងអ្នកមិនពេញចិត្ត។ សម្តេចបានបន្តថា មនុស្សចំនួន គឺបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ក្រោមការញុះញង់របស់បរទេស។
សម្តេចបានលើកឧទាហរណ៍ករណីមួយ ដែលមានជនបរទេសបានទៅជួបសម្តេចដល់ផ្ទះ ហើយប្រាប់ថា បើសិនជាសាងសង់គម្រោងវារីអគ្គិសនីនេះ កម្ពុជាបាត់បង់ត្រី៧០ភាគរយ។ ពេលនោះ សម្តេចក៏បានឆ្លើយតបថា សម្តេចភ្ញាក់ផ្អើលដោយសារតែអ្វីដែលជនបរទេសនេះលើកឡើងប្រៀបបីដូចត្រីនៅកម្ពុជាចេះឡើងភ្នំដូច្នោះដែរ។ តែធាតុពិតត្រីរបស់កម្ពុជា គឺប្រមូលផ្តុំនៅទន្លេសាប និងទន្លេមេគង្គ។ សម្តេចបានបន្តថា ការលើកឡើងនេះ ធ្វើហាក់ដូចជាសម្តេចមិនដឹងរឿង តែការពិតសម្តេចបានដឹងអំពីគំនិតរបស់ពួកគេ ដែលចង់រារាំងដល់កម្ពុជាចំពោះការសាងសង់វារីអគ្គិសនីនេះ។
សម្តេចលើកឡើងថា៖ «ត្រីខ្មែរវាឆ្លាតណាស់ វាឆ្លាតនៅពេលដែលគេប្រឆាំងយើងប៉ុណ្ណោះ»៕