ចិន២នាក់ ជិះម៉ូតូចាក់សាំង១លីត្រ ឃើញកន្លែងស្ងាត់ ប្លន់លុយអស់ជាង១លានរៀល នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
17-12-2018 14:51
(ស្វាយរៀង)៖ ជនជាតិចិន២នាក់ ជិះម៉ូតូចូលចាក់សាំង ឃើញកន្លែងស្ងាត់ ក៏គំរាមយកលុយអស់ជាង១លានរៀល រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព នៅស្រុកចន្ទ្រា។
ម្ចាស់ការ៉ាស់សាំងលោក អង សុជា អាយុ៣៨ឆ្នាំ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និយាយថា នៅវេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិន២នាក់ ជិះម៉ូតូមកចាក់សាំង១ដុល្លារ ហើយបានហុចលុយក្រដាស៥០ដុល្លារ។ ពេលគាត់ដកយកកាបូប អាប់លុយ៤៩ដុល្លារឲ្យវិញ ក៏គ្រវីក្បាលថា យកលុយរៀលៗ ដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះ ដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនតែម្តងទៅ។
លោក អង សុផា ជាម្ចាស់ការ៉ាស់សាំង បានបន្តថា ជនជាតិចិនដែលដណ្តើមយកលុយពីគាត់ ដោយសារពេលកើតហេតុស្ងាត់ មានតែគាត់ម្នាក់ឯង ឪពុក និងប្រពន្ធមិននៅ ហើយឆ្ងាយពីផ្ទះអ្នកស្រុក ខណៈដែលបែបឃើញឱកាសល្អស្ងាត់បែបនេះ ទើបជនជាតិចិនទាំងពីរនាក់ ធ្វើសកម្មភាពដណ្តើមយកលុយ រួចបើកម៉ូតូគេចខ្លួន។ ពួកគេដណ្តើម យកលុយអស់ ១លាន ១សែន២ម៉ឺនរៀល។
ប្រជាពលរដ្ឋ បានឲ្យដឹងដែរថា សកម្មភាពរបៀបនេះ បានកើតឡើងញឹកញាប់ហើយ ពិសេសផ្លូវឆ្លងកាត់ពីក្រុងបាវិតទៅមក ច្រកព្រំដែនសំរោង ស្រុកចន្រ្ទា ចន្លោះតំបន់កាស៉ីណូ ទាំងពីរ។ ជូនកាលជនជាតិចិនទាំងនោះ លេងល្បែងចាញ់ ក៏ហ៊ានប្រព្រឹត្តបទល្មើសតែម្តង ហើយករណីខាងលើសង្ឃឹមថា សមត្ថកិច្ចជួយតាមរកជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕