(ស្វាយរៀង)៖ ក្រុមអាជីវករដែលរកស៊ីកាប់សាច់ជ្រូក និងសាច់គោនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានទទូចស្មើសុំដល់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដើម្បីស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហាជូនពួកគាត់ ជាមួយម្ចាស់ឡសត្តឃាត ដែលបានអូសបន្លាយក្នុងរយៈពេលជាង១០ឆ្នាំមកហើយ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមអាជីវកររកស៊ីកាប់លក់សាច់ជ្រូក និងសាច់គោ ចន្លោះពី២០ទៅ៣០នាក់ នៅផ្សារវាលយន្ត ក្រុង-ខេត្តស្វាយរៀង បាននាំគ្នាផ្ទុះការតវ៉ាម្តងទៀត ដើម្បីទាមទារឲ្យម្ចាស់ឡសត្តឃាត បញ្ឈប់ការយកលុយសម្រាប់ការបង់ថ្លៃឡ ដែលរហូតមកដល់ពេលនេះ ម្ចាស់ឡបានតម្រូវឲ្យបង់ក្នុងរយៈពេល១០ឆ្នាំមកហើយ និងម្យ៉ាងទៀត ឡសត្តឃាតនេះ ត្រូវបានក្លាយជារបស់រដ្ឋទៅហើយ។ ពោលពួកគាត់សុំត្រឹមការបង់ភាស៊ីឡ និងថ្លៃពេទ្យសត្វប៉ុណ្ណោះ ដែលជាការបង់ប្រចាំថ្ងៃ ហើយក៏មិនចង់បង់ឲ្យស្ថាប័នផ្សេងទៀតនោះដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកស្រី កេត សឿន អ្នករកស៊ីកាប់សាច់ជ្រូកនៅក្នុងផ្សារវាលយន្ត បានឲ្យដឹងថា រាល់ថ្ងៃក្រុមអាជីវករទាំងអស់ បានបង់ថ្លៃឡសត្វឃាតមួយក្បាលជ្រូក និងគោចាប់ពី៣០០០រៀល ទៅ៤០០០រៀល ខណៈពេទ្យសត្វត្រូវបង់ចំនួន១៥០០រៀល រួមទាំងស្ថាប័នផ្សេងទៀត។ អ្នកស្រីបានបន្តថា ឡសត្តឃាតត្រូវបានបង្កើត តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ នៅលើទន្លេវៃគោ ដោយចាប់ពីពេលនោះ មកក្រុមអាជីវករត្រូវបង់ថ្លៃឡ ថ្លៃភាស៊ី ប៉ុន្តែនៅឆ្នាំ២០០៨ ឡសត្តឃាតត្រូវបានចាត់បញ្ចុលជារបស់រដ្ឋ ដូច្នេះមិនតម្រូវឲ្យបង់ថ្លៃឡទៅទៀតឡើយ។
បើតាមអ្នកស្រី បើទោះបីក្លាយជារបស់រដ្ឋ និងតម្រូវមិនឲ្យថ្លៃឡនោះក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្រងឡ នៅតែឲ្យក្រុមអាជីវករបង់ដដែល រហូតពួកគាត់កាលពីដើមឆ្នាំ ក៏នាំគ្នាធ្វើការតវ៉ាតែម្តង។ រហូតមកដល់ះពេលនេះ ការតវ៉ាទាំងប៉ុន្មានលើកមកនោះ ពុំដែលមានដំណោះស្រាយដែលអាចទទួលយកបានឡើយ។
អ្នកស្រី កេត សឿត បានបន្តទៀតថា ក្រុមអាជីវករទាំងអស់សុំស្នើចំនួន៣ចំណុចរួមមាន៖
*ទី១៖ ចង់ឲ្យអ្នកគ្រប់គ្រងឡបញ្ឈប់ការយកថ្លៃឡ ដែលមួយក្បាលជ្រូក និងគោ មិនតិចជាង២០០០រៀលនោះទេ
*ទី២៖ ចង់ឲ្យមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងឡ ដោយចង់ដាក់អ្នកថ្មីជំនួសវិញ ដោយសារអ្នកគ្រប់គ្រងបច្ចុប្បន្នប្រើពាក្យមើលងាយដល់ក្រុមអាជីវករ
*ទី៣៖ ចង់ឲ្យពេទ្យសត្វ យកថ្លៃត្រឹម១០០០រៀលបានហើយ ដូចកាលពីអតីតកាល ដោយសារបច្ចុប្បន្នយកថ្លៃ១៥០០រៀលក្នុងមួយក្បាល។
ចំពោះបញ្ហាទាំងនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីម្ចាស់ឡសត្តឃាតបាននោះទេ ខណៈមន្រ្តីអាជ្ញាធរ ក៏បាននិងកំពុងពិនិត្យបញ្ហានេះដើម្បីដោះស្រាយជូន។
ក្រុមអាជីវករបានសំណូមពរដល់អាជ្ញាធរ ដែលពាក់ព័ន្ធមេត្តាជួយសម្រួល ដល់ពួកគាត់ផង ដោយសុំឲ្យពួកគាត់បង់តែភាស៊ី និងពេទ្យសត្វ ព្រោះមិនអាចបង់ឲ្យស្ថាបន័ផ្សេងៗទៀតបានទេ។
ចំពោះករណីខាងនេះ មន្ត្រីម្នាក់បានបង្ហើបឲ្យដឹងថា អាជីវករខ្លះគាត់កាប់ជ្រូក-គោ នៅផ្ទះពុំបានយកចូលក្នុងឡសត្តឃាតនោះទេ ហើយម្ចាស់ឡ និងពេទ្យសត្វ ទៅយកលុយដល់ផ្ទះ ឬដល់តូបលក់តែម្តង ដោយពុំបានពិនិត្យសុខភាពសត្វឲ្យបានត្រឹមត្រូវនោះទេ៕