(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត Lexus 300 ពណ៌ទឹកមាស ហើយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តធុនធំ មិនស្គាល់ម៉ាកមកពីក្រោយ កិនពេញទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោម មើលនិងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ឲ្យមកអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែ ឆ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទី នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមអ្នកភូមិឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរទិសដៅលិចទៅកើត លើផ្លូវជាតិលេខ០១។ ខណៈនោះស្រាប់តែមានរថយន្តម៉ាក Lexus 300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង 2A ០៧៤៨ អ្នកបើកបមិនត្រូវបានស្គាល់ឈ្មោះ ដោយធ្វើដំណើរបញ្ច្រាស់គ្នាពីកើតទៅលិច ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូ ដួលហើយខ្ទាតធ្លាក់ទៅលើថ្នល់ ស្រាប់តែមានរថយន្តធុនធំ មិនស្គាល់ម៉ាកបើកកិនក្បាលធ្លាយខួរ ស្លាប់នៅកន្លែងកើតហេតុ គួរឲ្យរន្ធត់បំផុត។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងរកអត្តសញ្ញាណអ្នកស្លាប់ ព្រមទាំងអូសយកមធ្យោបាយទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុក បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យស់ គោយ អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ ជនរងគ្រោះ ត្រៀមនឹងចូលរោងការ ឆាប់ៗនេះហើយ តែបែរជាជួបគ្រោះ អកុសលបែបនេះទៅវិញ។
មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងបែបនេះ៕