(បាត់ដំបង)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធសាស្រ្តសិក្សាស្រាវជ្រាវឆ្លើយតបនឹងការអភិវឌ្ឍគោលនយោបាយទេសចរណ៍ និងសមត្ថភាពសិក្សាស្រាវជ្រាវវិស័យទេសចរណ៍កម្ពុជា នៅសណ្ឋាគារ Classy ក្រុងបាត់ដំបង ដើម្បីបញ្ជ្រាបដល់នាយករងវិទ្យាស្ថាន ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ និងមន្រ្តីជំនាញនៃក្រសួងទេសចរណ៍ប្រមាណ ២០០នាក់។

សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ នៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ នៃក្រសួងទេសចរណ៍ ក្នុងនាមតំណាងរបស់លោករដ្ឋមន្រ្តី ថោង ខុន។

សិក្ខាសាលាខាងលើធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងវិធីសាស្រ្តសិក្សាស្រាវជ្រាវមួយមានលក្ខណៈស្យង់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍គោលនយោបាយទេសចរណ៍ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដែលមានបណ្ឌិតសាស្ត្រាចារ្យជាវាគ្មិនមកពីសាកលវិទ្យាល័យ ប្រទេសអូស្ត្រាលី ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបាត់ដំបង និងសាកលវិទ្យាល័យមួយចំនួនទៀត បានចូលរួមធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នា ដែលទាក់ទងយុទ្ធសាស្រ្តសិក្សាស្រាវជ្រាវ ឆ្លើយតបការអភិវឌ្ឍគោលនយោបាយទេសចរណ៍ និងសមត្ថភាពសិក្សាស្រាវជ្រាវកម្ពុជា។

នាឱកាសបើកសិក្ខាសាលា លោក កើត ពុទ្ធវរី បានបញ្ជាក់ថា និន្នាការទេសចរណ៍មានការប្រែប្រួល ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ និងវិភាគ ដើម្បីរៀបចំគោនយោបាយទេសចរណ៍ ឲ្យឆ្លើយតបការអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងស្របតាមការព្យាករណ៍ទុករបស់លោករដ្ឋមន្រ្តី ថោង ខុន នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណជាង ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ១លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត។

ជាចក្ខុវិស័យ នៅឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ១០លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ១.២លាននាក់ ហើយនៅឆ្នាំ២០៣០ អាចនឹងទទួលបាន ១៥លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់៕