(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យទំនិញ ចំណីអាហារ និងអប់រំណែនាំដល់អាជីវករលក់ដូរ ព្រមទាំងដកហូតបាន ប្រហិតចម្រុះខូចគុណភាព ជាង២០គីឡូក្រាម នៅផ្សារសាមគ្គី ដើម្បីបង្ការការពារដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលទិញយកទៅបរិភោគ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ និងអប់រំណែនាំ ដល់អាជីវករខាងលើនោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅជុំវិញ និងខាងក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងលោក គឹម ប្រុស បានប្រាប់ឲ្យដឹងថា ការចុះពិនិត្យទំនិញ ឬចំណីអាហារ នៅតាមតូបលក់ជុំវិញផ្សារ គឺចង់លើកកម្ពស់សុខភាព ដល់អ្នកប្រើប្រាស់ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្ត ឬទីជនបទ បរិភោគចំណីអាហារទាំងនេះ ធ្វើឲ្យផលប៉ះពាល់សុខភាពជាខ្លាំង។
លោកថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមមន្ត្រីជំនាញ ចុះត្រួតពិនិត្យទំនិញ ឬចំណីអាហារខូចគុណភាព និងហួសថ្ងៃខែកាលបរិច្ឆេទោះ ប៉ុន្តែមានអាជីករខ្លះ នៅតែបន្តលក់ចំណីអាហារ ខូចគុណភាពគ្រា ដែលលោកតែងតែចុះផ្សព្វផ្សាយជាញឹកញាប់ នាពេលកន្លងមក។
ចំណែកឯអាជីវករជាច្រើននាក់ ក៏ដូចជា ប្រជាពលរដ្ឋ បានសាទរចំពោះការចុះត្រួតពិនិត្យ និងទទួលយកនូវការអប់រំ ពីមន្ត្រីជំនាញដើម្បីចៀសវាង ការលក់ដូរទំនិញ ឬចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់សុខភាព ភាគច្រើន គឺប៉ះពាល់សុខភាពក្មេងៗ។
ក្រោយការចុះត្រួតពិនិត្យ មន្ត្រីជំនាញកាំកុងត្រូល បានដកហូតបានប្រហិតចម្រុះ បានចំនួន២៥ថង់ ស្មើនឹង២៥គីឡូក្រាម រួមនឹងទឹកក្រូច ហួសថ្ងៃខែបរិច្ឆេទមួយដបធំ។៕