(ស្ទឹងត្រែង)៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ ស្ថានីយវារីអគ្គីសនី «សេសានក្រោម២» ដែលមានទីតាំងស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
តាមប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ មុនប្រារព្ធពិធីសម្ពោធសមិទ្ធផលណាមួយ គេតែងប្រារព្ធនូវពិធីក្រុងពាលីជាមុនសិន ដើម្បីគោរពបួងសួងសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្ដីសុខ សេចក្ដីចម្រើនជាដើម។ ដូច្នេះហើយទើបបានជានាល្ងាចថ្ងៃទី១៦ ខែធ្នូនេះ អ្នកឧកញ៉ា គិត ម៉េង និងលោក ម៉ម សាវឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចជុំវិញខេត្ត រៀបចំប្រារព្ធពិធីក្រុងពាលីនេះ មុនពិធីសម្ពោធជាផ្លូវការឈានចូលមកដល់នាថ្ងៃស្អែកនេះ។
សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបិទទ្វារទឹកដំបូង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។
ស្ថានីយ និងទំនប់វារីអគ្គិសនីដ៏ធំមួយនេះមានតម្លៃ ៧៨១.៥២លានដុល្លារអាមេរិក ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាមមានភាគហ៊ុន ១០ភាគរយ៕