Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យជាចោរឆក់ និងជនប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជាបន្តបន្ទាប់ រួមជាមួយម៉ូតូ២គ្រឿង និងថ្នាំញៀន១កញ្ចប់

16-12-2018 15:25

(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញចោរឆក់ដ៏សកម្មម្នាក់ រួមទាំងជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជាបន្តបន្ទាប់ និងដកហូតម៉ូតូជនសង្ស័យចំនួន២គ្រឿង រួមទាំងថ្នាំញៀនចំនួន១កញ្ចប់ផងដែរ។

ការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅម៉ោង ១៖៣០នាទី យប់រំលងអធ្រាត ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២០១១ មុខក្លឹបកម្សាន្តរាត្រី «រីលីក្ស» ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍នគរបាលកាកាប១ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងថា ប្រតិបត្តិការខាងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក យឹម សារ៉ាន់ អធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១.ឈ្មោះ ហេង ថាលីន អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ចាន់ សីហា អាយុ២៥ឆ្នាំ និងទី៣.ឈ្មោះ រត្ថា យុទ្ធារាជ អាយុ២៣ឆ្នាំ។ ក្នុងពេលចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង។

លោក ប៉ាល់ យុត្ថា បានបន្តថា មុនចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងប៉ុស្តិ៍បានចុះល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំណុចមុខក្លឹប «រីលីក្ស» ក៏បានប្រទះឃើញមុខសញ្ញចោរឆក់ខាងលើ ឈ្មោះ ហេង ដាលីន ក៏បានធ្វើការចាប់ខ្លួនភ្លាមៗដើម្បីយកមកសួរនាំ។ ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន៣លើក។ និងបន្តទៅចាប់ខ្លួនជនសង្ស័យប្រើប្រាស់ និងរក្សារទុកនូវសារធាតុញៀនបានចំនួន ២នាក់បន្ថែមទៀត និងដកហូតបានថ្នាំម៉ាទឹកកក១កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានជំនាញនគរបាលប៉ុស្តិ៍បញ្ជូនខ្លួនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕