(កំពង់ធំ)៖ ផ្ទះខ្នងទី១០៦ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនលោក នួន សាខន ជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅនៅភូមិព្រែកស្បូវ សងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ការប្រគល់នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។
លោកអនុសេនីយ៍ឯក នួន សាខន អតីតមន្ត្រីនគរបាល A3 (នគរបាលប្រយុទ្ធ) ក្រោយមកជាមន្ត្រីនគរបាលខេត្តកំពង់ធំ មានអាយុ៦១ឆ្នាំ បានចូលរួមបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៨ ហើយត្រូវបានក្រសួងមហាផ្ទៃប្រកាសដាក់ឲ្យចូលនិវត្តន៍ នៅឆ្នាំ២០១៤។
លោក នួន សាខន មានភរិយាឈ្មោះ សូ រិយា អាយុ៦៤ឆ្នាំ មានកូនចំនួន៤នាក់ និងចិញ្ចឹមចៅតូចៗចំនួន២នាក់បន្ថែមទៀត។ បច្ចុប្បន្នគាត់គ្មានមុខរបរអ្វីក្រៅពីប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ជូននោះទេ ដោយសារគាត់ទាំងពីរនាក់មានជំងឺប្រចាំកាយមិនអាចប្រកបមុខរបរអ្វីបាន។
ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនគាត់នៅពេលនេះ សាងសង់ពីឈើជញ្ជាំង និងរនាបក្តារ ដំបូលប្រក់ស័ង្កសី សាងសង់ខ្ពង់ខ្ពស់ផុតពីដី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៩៩៨,០០០រៀល។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុតីតយុទ្ធជន ដែលបានចូលរួមនៅពេលនេះ លោក សោម ស៊ុន ក៏បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងបានជម្រាបជូនអតីតយុទ្ធជនពីអត្ថប្រយោជន៍ ដែលត្រូវទទួលបានមានជាអាទិ៍ដូចជា៖ ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបងប្អូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋនៅគ្រប់ទីកន្លែងដោយមិនអស់ប្រាក់ ការទទួលបានប្រាក់បេឡាមរណសង្គ្រោះចំនួន ៤លានរៀល សម្រាប់គ្រួសារសពសមាគមអតីតយុទ្ធជនធ្វើបុណ្យទាន់ពេលវេលា ការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានដី-គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ និងកំពុងដោះស្រាយជូនអតីតយុទ្ធជនដែលគ្មានដី-គ្មានផ្ទះ ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូនស្នាក់នៅ និងបង្កបង្កើនផលផងដែរ ហើយដីសម្បទាននេះ អាជ្ញាធរខេត្តកំពង់ធំកំពុងដំណើរការដោះស្រាយនៅតំបន់ចំបក់ធំ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក និងក្រុមការងារក៏បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនគាត់បន្ថែមទៀត រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន១ និងថវិកាចំនួន ២០០,០០០រៀលផងដែរ៕