(កណ្តាល)៖ ច្រាំងទន្លេមេគង្គនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូលតែងតែជួបនូវបញ្ហាបាក់ច្រាំងជារៀងរហូតមកជាពិសេសនៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ។ តាមការអោយដឹងពីប្រជាពលរដ្ឋនៅតំបន់នោះបានលើកឡើងថាតាំងពីគាត់ដឹងក្តីមកដីនៅច្រាំងខាងលិចតែងតែបាក់រហូតមក រីឯដីនៅច្រាំងខាងកើតមានការដុះច្រើន ពួកគាត់បានបន្តទៀតថានៅចន្លោះឆ្នាំ២០១០-២០១៤ មានការបាក់ច្រាំងជាខ្លាំង ដីនៅចន្លោះ១០០ ទៅ ២០០ ម៉ែត្របានចូលទៅក្នុងទន្លេ តំបន់នេះបានបាក់ខ្លាំងជាថ្មីម្តងទៀតនៅចុងឆ្នាំ២០១៨នេះ។
មន្រ្តីជំនាញក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ក្រុមជំនាញបានចុះពិនិត្យ និងតាមដានស្ថានភាពទីតាំងនេះចាប់តាំងពីឆ្នាំ២០១៥ដោយបានរកឃើញថាច្រាំងទន្លេនៅតំបន់នេះរងហានិភ័យខ្ពស់ ដោយសារបញ្ហាធំៗចំនួន៣៖
* ទីមួយគឺ ស្ថានភាពបាតទន្លេជ្រៅខ្លាំងពី៨ ទៅជិត៣០ម៉ែត្រនៅត្រើយខាងលិច (ឃុំឬស្សីជ្រោយ) ហើយមានជម្រៅរាក់ និងដុះខ្សាច់ច្រើននៅត្រើយខាងកើត។ កត្តានេះធ្វើឱ្យច្រាំងទន្លេខាងលិចបាត់បង់លំនឹង ដោយសារទឹកហូរខ្លាំងបុកមកច្រាំង។
* កត្តាទីពីរគឺ សម្ពាធទឹកក្រោមដី។ ឆ្នាំនេះទឹកឡើងធំបណ្ដាលឱ្យជន់ជោរទៅតាមបឹងទាំងឡាយនៅក្បែរទន្លេ រួមទាំងកំពស់ដង្ហើមទឹកក្រោមដីមានការកើនឡើង។ នៅពេលដែលទឹកទន្លេស្រកទៅវិញជាគំហុក ធ្វើឱ្យកំពស់ទឹកក្រោមដីស្រកទៅវិញមិនទាន់។ នេះជាហេតុធ្វើឱ្យទឹកក្រោមដីបន្តហូរចូលមកទន្លេវិញ តាមស្រទាប់ដីល្បាយខ្សាច់ ដែលលំហូរនេះធ្វើឱ្យដីស្រទាប់ក្រោមទន់ជ្រាយ និងងាយរអិលបាក់។
* កត្តាទីបីគឺ ស្ថានភាពទន្លេនៅតំបន់រកាកោងនេះ (ឃុំឬស្សីជ្រោយ ព្រែកដំបង និងរការកោង) មានសភាពកោងខ្លាំងដែលធ្វើឱ្យខ្សែទឹកហូរបុកច្រាំងត្រើយខាងលិច រីឯត្រើយខាងកើតមានការដុះខ្សាច់ជាច្រើន។
ក្នុងស្ថានភាពបែបនេះ កាលពីខែមីនា និងតុលាកន្លងទៅក្រសួងសេដ្ឋកិច្ចបានកោះប្រជុំក្រសួងពាក់ព័ន្ធដែលរួមមាន ក្រសួងធនធានទឹក ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ ដើម្បីស្វែងរកដំណោះស្រាយ។ កិច្ចពិភាក្សាបានបង្ហាញដោយអ្នកជំនាញថា ស្ថានភាពនៃច្រាំងទន្លេមេគង្គតំបន់ស្រុកមុខកំពូល កំពុងរងហានិភ័យខ្ពស់ដែលបង្ករការគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលនៅតាមដងទន្លេ និងផ្លូវជាតិ 6A ដែលជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ បើគ្មានសកម្មភាពទប់ស្កាត់ឱ្យបានទាន់ពេលនោះទេ។ ដើម្បីបញ្ចៀសបញ្ហាបាក់ដាច់ផ្លូវជាតិ6A និងការរស់នៅរបស់ប្រជាពលរដ្ឋ អង្គប្រជុំបានលើកវិធានការបន្ទាន់ដែលរួមមាន ការផ្តល់ថវិកាជាបន្ទាន់ដើម្បីឱ្យក្រសួងធនធានទឹកទប់លំនឹងច្រាំងខាងលិច ក្នុងតំបន់ស្រុកមុខកំពូល ដោយប្រើបាវខ្សាច់ Géotextile ហើយក្រសួងរ៉ែ និងថាមពល ត្រូវសម្រុកបូមស្ដារបាតទន្លេមេគង្គប៉ែកខាងកើត ដើម្បីសំរួលចរន្តទឹក និងបន្តសិក្សារកវិធីសាស្ត្រ ដែលអាចកែបញ្ហាគ្រោះធម្មជាតិនេះឱ្យបានជោគជ័យ មុនពេលដែលចរន្តទឹកអាចផ្តាច់ផ្លូវជាតិលេខ 6A ។
ក្រោយពីកិច្ចប្រជុំនេះ ក្រសួងរ៉ែនិងថាមពល បានចេញវិធានការ បិទឡូត៍ខ្សាច់ធំៗទាំងឡាយនៅភ្នំពេញ និងខេត្តកណ្តាលដើម្បីប្រមូលកម្លាំងមកបូមស្តារទន្លេមេគង្គប៉ែកខាងកើត ដែលពោរពេញដោយកំណកខ្សាច់ និងសម្រួលចរន្តទឹកពីទិសខាងលិចលមកខាងកើតវិញម្តង។
ជារឿងអភព្វដោយសារតែទឹកស្រកលឿនពេក ជាហេតុធ្វើការបាក់ច្រាំងថ្មីៗនេះបានកើតឡើង ហើយបណ្ដាលឱ្យប្រជាពលរដ្ឋនៅតាមដងទន្លេក្នុងឃុំឬស្សីជ្រោយត្រូវបានរងគ្រោះជាខ្លាំង។ មតិមហាជននៅទីនោះ បានចោទទៅលើការបូមខ្សាច់ដែលត្រូវស្ដារបាតទន្លេប៉ែកខាងកើតដើម្បីតម្រង់ខ្សែទឹក បញ្ចៀសការហូរបុកច្រាំងប៉ែកខាងលិច។
ភ្លាមៗក្រោយពីការបាក់ច្រាំង ក្រុមការងារក្រសួងរ៉ែនិងថាមពល ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមុខកំពូលដឹកនាំដោយ លោក វង្សី វិសុទ្ធ តំណាងក្រសួងសេដ្ឋកិច្ច ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរបានចុះពិនិត្យផ្ទាល់នៅទីតាំងបាក់ច្រាំងនៅតំបន់ឬស្សីជ្រោយ និងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានធ្វើការផ្តល់ដំណោះស្រាយជូនប្រជាជនដូចខាងក្រោម៖
១៖ ផ្អាកបូមបណ្តោះអាសន្ននៅកន្ទុយឡូតិ៍លេខ១សិន ដើម្បីធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីភាពចាំបាច់ នៃការបូមស្តារក្នុងការបញ្ចៀសខ្សែទឹកពីច្រាំងខាងលិច (កន្លែងរងគ្រោះ)។
២៖ កំណត់ព្រំដែនត្រូវបូមឲ្យបានច្បាស់លាស់ដោយបោះពោងសម្គាល់។
៣៖ ដាក់មន្រ្តីរ៉ែ២រូបប្រចាំការ២៤ម៉ោងជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីពិនិត្យ និងរាយការណ៍ជាបន្ទាន់។
៤៖ ក្រសួងធនធានទឹកនឹងចាប់ផ្តើមធ្វើច្រាំងតាមរយៈបាវខ្សាច់ Géotextile ជាបន្ទាន់ចាប់ពីចុងខែធ្នូ ឬដើមខែមករានេះ។
៥៖ បន្តសិក្សាឲ្យបានច្បាស់លាស់បន្ថែមទៀត អំពីការបង្វែរចរន្តទឹកដែលកំពុងបុកខ្លាំងមកត្រើយខាងលិច និងបន្តបូមស្ដារបាតទន្លេប៉ែកខាងកើតព្រមទាំងពន្យល់ ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីលក្ខណៈបច្ចេកទេស និងសារៈសំខាន់នៃការបូមស្ដារនេះ។
ស្ថានភាពទន្លេនៅតំបន់រកាកោងនេះនឹងឈានដល់ភាពប្រសើរឡើងវិញនៅពេលដែលបាតទន្លេត្រូវបានកែសម្រួល និងច្រាំងត្រើយខាងលិចត្រូវបានរៀបចំទប់ដោយបាវខ្សាច់ Géotextile ដែលការងារនេះត្រូវការពេលមិនតិចជាង ៤ទៅ៥ឆ្នាំឡើយ៕