(ភ្នំពេញ)៖ លោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានសន្យាចំពោះមុខលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា យ៉ាងដូច្នេះថា ហុងគ្រីនឹងជំរុញឲ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ដើម្បីជួយដោះស្រាយ ការប្រឈមផ្នែកអភិវឌ្ឍន៍។
ការសន្យារបស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោក និងលោក ប្រាក់ សុខុន ក្នុងឱកាសដែលលោក ប្រាក់ សុខុន បំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសហុងគ្រី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប ហុងគ្រីបានបញ្ជាក់ជាថ្មី នូវការបន្តការគាំទ្ររបស់ខ្លួន ដើម្បីធានាថា ដំណើការឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា នៅតែបន្តទៅមុខដោយគ្មានការរាំងស្ទះ។ ម្យ៉ាងវិញទៀត ភាគីហុងគ្រីបានយល់ព្រម ពិចារណាឡើងវិញ នូវជំហររបស់ខ្លួន ចំពោះពន្ធលើការនាំចូល អង្ករផ្កាម្លិះរបស់កម្ពុជា ចូលទីផ្សារអឺរ៉ុប ហើយបានសន្យាថា នឹងជំរុញឲ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ដើម្បីជួយដោះស្រាយ ការប្រឈមផ្នែកអភិវឌ្ឍន៍»។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពផ្តល់ការគាំទ្រចំពោះគ្នា ទៅវិញទៅមកនៅក្នុងប្រព័ន្ធ អង្គការសហប្រជាជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហុងគ្រីមានបំណង បង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំ ដល់និស្សិតកម្ពុជា ព្រមទាំងបានសន្យា គាំទ្រសកម្មភាពកម្ចាត់មីន ដើម្បីជួយកម្ពុជា ឲ្យសម្រេចបាននូវគោលដៅ «ប្រទេសកម្ពុជា គ្មានគ្រាប់មីននៅឆ្នាំ២០២៥» ផងដែរ៕