(ភ្នំពេញ)៖ កម្ពុជា និងហុងគ្រី ត្រៀមបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះមួយ ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែខ្ពស់ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃជំនួបរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយលោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅហុងគ្រី នៅថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្រ្តីការបរទេសទាំងពីរ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យស្របទៅនឹងសក្តានុពលដែលមានស្រាប់។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពដាក់ចេញវិធានការមួយចំនួន សំដៅឆ្ពោះទៅរកការបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះមួយ ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យខ្ពស់ថែមមួយកម្រិតទៀត»។
លើសពីនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកំណត់នូវកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពល ជាគន្លឹះមួយចំនួន រួមមាន ការគ្រប់គ្រងទឹក ប្រព័ន្ឋធារាសាស្រ្ត និងការគ្រប់គ្រងកាកសំណល់ ព្រមទាំងបានឯកភាពគ្នា លើកទឹកចិត្តឲ្យក្រសួងពាក់ព័ន្ឋ ពិនិត្យលទ្ធភាពស្វែងរកគម្រោងជាក់ស្តែង។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីដ៏សំខាន់ របស់កម្ចីឥណទាន ដែលធនាគារនាំចេញនាំចូល របស់ហុងគ្រី (EXIM Bank of Hungary) បានត្រៀមផ្តល់ជូន ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងជួយសហគ្រិនកម្ពុជា និងហុងគ្រី ផងដែរ៕