(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យទាំង១១គ្រួសារ នៅសង្កាត់ផ្សារចាស់។
គ្រោះអគ្គិភ័យលើគ្រួសាររងគ្រោះទាំង១១គ្រួសារខាងលើ បានកើតឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុងមួយគ្រួសាររួមមាន៖ អង្ករ ០១បាវ ចានដែកធំ១ កំសៀវ១ ចានស្រាក់១ វែកសម្ល១ វែកឆា១ ផ្តិល១ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ឆ្នាំង១ មី១កេះ ស្ករសរ តែ កន្ទេល១ ខ្ទះឆា១ និងថវិការបស់លោកអភិបាល ៤០,០០០រៀល, របស់សាខាកាកបាទក្រហម ២០,០០០រៀល, ម្ចាស់ហាងលក់ពេជ្រលោកស្រី អ៉ឹង មុយគៀង ៥០០,០០០រៀល, អភិបាលស្វ័យយ័តផ្សារធំថ្មី ៣០,០០០រៀល, ប្រធានផ្សារកណ្តាល ២០,០០០រៀល, ប្រធានផ្សារចាស់ ១០,០០០រៀល និងលោកប្រធានភូមិបាលខណ្ឌដូនពេញ ១០,០០០រៀល សរុបថវិកាដែលត្រូវទទួលបានក្នុង០១គ្រួសារ សម្រាប់ព្រឹកនេះគឺមានចំនួន ៦៣០,០០០រៀល៕