(ព្រះសីហនុ)៖ កម្លាំងចម្រុះដែលមានសមត្ថកិច្ចលើផ្ទៃសមុទ្រ បានចេញអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិត្តម្នាក់ ឱ្យរួចជីវិតមកវិញ ក្រោយបាត់ខ្លួនអស់ជិតមួយថ្ងៃមួយយប់ ក្នុងពេលដែលខ្លួនជិះម៉ូតូទឹកលេងលើផ្ទៃសមុទ្រនៅជុំវិញកោះត្រេះ ស្ថិតក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក បានឲ្យដឹងតាមរយៈអង្គភាពព័ត៌មាន Fresh News ថា នានៅវេលាម៉ោង១៧៖០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនជាតិចិនមានគ្នា៦នាក់ បានជួលម៉ូតូទឹក៣គ្រឿង របស់ម្ចាស់ឈ្មោះ អ៊ុន សៀប ដែលមានទីតាំងនៅមុខតូប៩៩១ នាំគ្នាជិះលេងកម្សាន្តផ្លាស់ប្តូរគ្នាម្តងម្នាក់ៗ បានរយៈពេល១៥នាទី ក៏នាំគ្នាជិះម៉ូតូទាំង៣គ្រឿង ទៅលេងជុំវិញកោះត្រេះ ប៉ុន្តែមានបុរសម្នាក់មិនទាន់ត្រឡប់មកវិញទេ នៅបន្តជិះ១ជុំទៀត រហូតដល់ម៉ោង ១៧៖៣០នាទី មិនឃើញត្រឡប់មកវិញ ទើបមានការឆោឡោ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចលើផ្ទៃសមុទ្រ សហការគ្នាចេញល្បាតរកជនរងគ្រោះជាបន្ទាន់។
លោក ណុប បញ្ញា បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងទេសចរណ៍ ប្រើប្រាស់អូរប័រចំនួន២គ្រឿង ចេញល្បាតលើផ្ទៃសមុទ្រ និងម៉ូតូទឹកចំនួន៩គ្រឿង (របស់ម្ចាស់ម៉ូតូទឹក) និងអូប័រចំនួន១គ្រឿង ព្រមទាំងបានទំនាក់ទំនងផ្តល់ព័ត៌មានទៅអង្គភាពព្រំដែនទឹក និងអង្គភាពសន្តិសុខលំហសមុទ្រ ដើម្បីជួយស្វែងរក។ ប៉ុន្តែយប់ងងឹត មិនអាចរកឃើញភ្លាមៗឡើយ លុះភ្លឺឡើងទើបរកជនរងគ្រោះ និងម៉ូតូទឹកដែលរសាត់អណ្តែតនៅខាងត្បូងឆ្នេរសមុទ្រអូរឈើទាលប្រមាណជិត ២០គីឡូម៉ែត្រ។
ជនរងគ្រោះមានឈ្មោះ អូវ ក្វាង (RAO GUANG) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 9714953 ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក ណុប បញ្ញា បានបញ្ជាក់ថា មូលហេតុដែលមិនអាចបើកម៉ូតូត្រឡប់មកវិញបាន ដោយសារម៉ូតូអស់សាំង។ ពេលនាំមកដល់ដីគោក ជនរងគ្រោះ មានសុខភាពហត់នឿយបន្តិច ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ៕