(ភ្នំពេញ)៖ ជាទូទៅប្រជាជនគ្រប់រូបត្រូវបានទទួលស្គាល់ នូវសិទ្ធិខាងទំនាក់ទំនងក្នុងសកម្មភាពនានា ឱ្យតែការប្រើប្រាស់សិទ្ធិនោះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ មិនផ្ទុយនឹងសណ្ដាប់ធ្នាប់ ប្រពៃណីល្អរបស់សង្គម ឬផ្ទុយនឹងច្បាប់ដែលបានហាមឃាត់។
ចំពោះទំនាក់ទំនងខាងផ្លូវភេទ ជាសិទ្ធិរបស់គ្រប់បុគ្គលដែលដល់នីតិភាពក្នុងការរួមភេទ ហើយត្រូវធ្វើឡើងដោយឆន្ទៈរបស់គូភាគី ក៏ប៉ុន្តែបើទំនាក់ទំនងខាងផ្លូវភេទនោះ បានធ្វើឡើងដោយមានការរងសំពាធ ពីបុគ្គលដែលមានឋានៈ មុខងារ តួនាទី លើបុគ្គលម្ខាងទៀតដែលស្ថិតនៅក្រោម អំណាចឋានានុក្រម អំណាចនៃមុខងារ តួនាទីរបស់ខ្លួន គឺជាបទល្មើសព្រហ្មទណ្ឌ។
ករណីបែបនេះ យើងសង្កេតឃើញថា អាចមានការកើតឡើងមិនថាក្នុងវិស័យឯកជន ឬស្ថាប័នរដ្ឋ ដូចជាទំនាក់ទំនងខាងផ្លូវភេទរវាងគ្រូ-សាស្រ្ដាចារ្យ និងសិស្ស-និស្សិត រវាងនិយោជក និងកម្មករ-និយោជិត ជាដើម។ ហេតុនេះដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សនិសិត្សបានយល់ដឹងច្បាប់ថា តើសកម្មភាពប្រភេទណាខ្លះ ដែលត្រូវបានចាត់ទុកថាជាបទល្មើសរុកកួនខាងផ្លូវភេទ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទល្មើសរុកកួនខាងផ្លូវភេទ» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្សនិស្សិតដូចតទៅ៖
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៥០ បានបញ្ញតិ្ដថា «អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ» ។ មានន័យថា កាលណាបុគ្គលម្នាក់ដែលមានអំណាច ទទួលបានពីឋានៈ មុខងារ តួនាទី ឬអំណាចដែលទទួលបានពីហេតុផ្សេងៗទៀតលើបុគ្គលណាម្នាក់ ហើយបានប្រើនូវអំណាចរបស់ខ្លួននោះ តាមមធ្យោបាយទុច្ចរិត ដើម្បីធ្វើការគាបសង្កត់ចំពោះបុគ្គលដ៏ទៃ (បុគ្គលសំដៅដល់មនុស្សទាំងពីរភេទ) ម្ដងហើយម្ដងទៀត ដើម្បីឱ្យបុគ្គលនោះយល់ព្រមរួមភេទជាមួយខ្លួន គឺជាបទល្មើសរុកគួនខាងផ្លូវភេទ។
ចំពោះមធ្យោបាយនៃការគាបសង្កត់អាចធ្វើឡើងក្រោមរូបភាពជា កាយវិការ ពាក្យសម្ដី ឬសកម្មភាពអ្វីមួយដែលមានសម្ពាធដល់ជនរងគ្រោះដោយគ្មានហិង្សា ឬការគំរាមកំហែងដោយអាវុធណាមួយឡើយ ហើយអំពើនោះបានធ្វើឡើងម្ដងហើយម្ដងទៀត ។
ឧទាហរណ៍ៈ លោក ក ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យមួយ នៅក្នុងពេលបំពេញវិជ្ជាជីវៈ លោក ក បានប្រើប្រាស់ឋានៈជាសាស្រ្ដាចារ្យរបស់ខ្លួន ដើម្បីនិយាយទៅកាន់និស្សិតស្រីម្នាក់ដែលបានប្រឡងធ្លាក់ថា ប្រសិនបើនាងព្រមប្រគល់ខ្លួនប្រាណឱ្យគាត់ នោះគាត់នឹងជួយសម្រួលឱ្យនាងបានជាប់ការប្រឡងនោះ ហើយគាត់តែងតែនិយាយបែបនេះជាច្រើនដងទៅកាន់នាង ។
ចំពោះចារី នៃបទល្មើសរុកគួនខាងផ្លូវភេទ គឺត្រូវតែជាបុគ្គលដែលទទួលបានអំណាចតាមរយៈមុខងារផ្ដល់ឱ្យក្នុងសង្គមដូចជា ថ្នាក់លើរបស់មន្រ្ដីរាជការ ឬមុខងារក្នុងវិស័យឯកជនដូចជា ថៅកែ ឬនិយោជក និងមុខងារក្នុងគ្រួសារដូចជាអ្នកអាណាព្យាបាល ជាអាទិ៍ ។ ឧទាហរណ៍ៈ ប្រធានក្រុមហ៊ុនមួយ បានពោលពាក្យសម្ដីជាច្រើនដងទៅចំពោះបុគ្គលិកស្រីរបស់ខ្លួនមួយរូប ដោយទទូចសុំឱ្យនាងអនុគ្រោះខាងផ្លូវភេទ ដើម្បីជាថ្នូរនឹងការផ្ដល់ទួនាទីជាលេខា នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយភ័យខ្លាចបាត់បង់តួនាទី ក្រោយមកនាងក៏បានយល់ព្រមតាមការទទូចសុំរបស់គាត់ ។
ដោយបទល្មើសរុកកួនខាងផ្លូវភេទ គឺជាបទល្មើសខាងរូបភាព ហេតុនេះគឺមិនគិតពីលទ្ធផលថា តើជនល្មើសបានទទួលការអនុគ្រោះខាងផ្លូវភេទពីជនរងគ្រោះ ឬអត់នោះទេ ឱ្យតែជនល្មើសនោះបានធ្វើការគាបសង្កត់ ដោយរំលោភអំណាចដែលទទួលបានពីមុខងាររបស់ខ្លួន ចាប់ពីពីរដងឡើងទៅ ក្នុងគោលបំណងទទួលបានការអនុគ្រោះខាងផ្លូវភេទ គឺចាត់ទុកថាបទល្មើសនោះបានសម្រេចហើយ។
ចំពោះទណ្ឌកម្ម យោងតាមមាត្រា ២៥០ នៃក្រមព្រហ្មទណ្ឌដដែលបានបញ្ញតិថា «អំពើរុកកួនខាងផ្លូវភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ៣ (បី) ខែ និងពិន័យ ១០០,០០០ (មួយសែនរៀល) ដល់ ៥០០,០០០ (ប្រាំសែនរៀល)»។
សរុបមកអំពើរុកកួនខាងផ្លូវភេទ គឺជាប្រភេទមួយនៃអំពើបំពារបំពានខាងផ្លូវភេទ ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបានកំណត់ជាបទល្មើស និងផ្ដន្ទាទោស ក្នុងគោលបំណងដើម្បីការពារនូវកិត្ដិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល សន្ដិសុខសណ្ដាប់ធ្នាប់ និងប្រពៃណីល្អរបស់សង្គមខ្មែរ ។
រៀបរៀងដោយ៖ លោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕