(ឧត្តរមានជ័យ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ នៅវិទ្យាល័យសម្តេចតេជោ សែន សំរោង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវិទ្យាល័យសម្តេចតេជោសែនសំរោង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងមានការចូលរួមសហការដោយ៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអូន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក នួន ផារ័ត្ន លោក ដាវ អានសាន សាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ លោកអភិបាលក្រុងសំរោង លោក ពាង ផារ័ត្ន ប្រធានក្រុមហ៊ុនទឹកបរិសុទ្ធអូរសិលា លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ និងក្រុមការងារ រួមនឹង សសយក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៧រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៧២ខែ (២០១២-២០១៨) នេះជាឆ្នាំទី៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦៤លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន ចំនួន៣៨២,៨២៦នាក់ (សាមសិបប្រាំបីម៉ឺន ពីរពាន់ ប្រាំបីរយម្ភៃប្រាំមួយនាក់)៕