(ភ្នំពេញ)៖ រូបសំណាករបស់ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ របស់កម្ពុជា នៅក្នុងបរិវេណនៃទីលានហ្វ្រង់កូហ្វូនី ស្ថិតក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី នឹងត្រូវសម្ពោធនៅឆ្នាំ២០២០ខាងមុខនេះ ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃការបង្កើតអង្កការ ក្រុមប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនី (ហៅកាត់ថា IOF)។ នេះបើតាមការបញ្ជាក់របស់ លោក តេអូឌ័រ ម៉េឡិស្កាណូ រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី ប្រាប់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបទ្វេភាគីក្នុងដំណើរទស្សនិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨នៅប្រទេសរូម៉ានី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្តីពីលទ្ធផលនៃជំនួប របស់ប្រមុខការទូតទាំង២បានបញ្ជាក់ថា «ភាគីរូម៉ានីក៏បានជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី អំពីការត្រៀមរៀបចំជាបន្តបន្ទាប់ពាក់ព័ន្ឋ នឹងការដាក់សម្ពោធរូបសំណាកចំនួន៤ ជាកិត្តិយសរំលឹកដល់ស្ថាបនិកអង្គការក្រុមប្រទេស និយាយភាសាបារាំងហ្រ្វង់កូហ្វូនី (ហៅកាត់ថា IOF) ដែលក្នុងចំណោមនោះមានរូបសំណាក់របស់ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ របស់កម្ពុជា នៅក្នុងបរិវេណនៃទីលានហ្វ្រង់កូហ្វូនី ស្ថិតក្នុងទីក្រុងប៊ុយការ៉េស។ ព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានកំណត់កាលបរិច្ឆេទនៅឆ្នាំ២០២០វិញ ដើម្បីអបអរសារទរខួបលើកទី៥០ឆ្នាំនៃការបង្កើតអង្គការ IOF»។
សូមជម្រាបថា រូបសំណាកព្រះបរមរតនកោដ្ឋ ត្រូវដាក់តាំងនៅទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ុយការ៉េស នៅប្រទេសរ៉ូម៉ានីដើម្បីឧទ្ទិសដល់ស្ថាបនិក អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ ក៏ដូចជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។ រូបសំណាកព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា យកទៅដាក់តាំងនៅក្រៅប្រទេសនេះ មានទំហំទទឹងកន្លះម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ៕