(ភ្នំពេញ)៖ លោក តេអូឌ័រ ម៉េឡិស្កាណូ រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី បានធានាអះអាងនៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាថា រ៉ូម៉ានីសន្យានឹងជួយសម្របសម្រួល សំដៅធ្វើឲ្យប្រសើរឡើង ចំពោះទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុប រួមទាំងករណីអង្ករកម្ពុជា នាំចូលទៅអឺរ៉ុបផងដែរ នៅពេលដែលរ៉ូម៉ានីធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប នៅឆ្នាំ២០១៩ខាងមុខនេះ។
ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី យ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរូម៉ានី ពីថ្ងៃទី ១២ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានដកសង់លទ្ធផលនៃជំនួប របស់ប្រមុខការទូតទាំង២យ៉ាងដូច្នេះថា «ចំពោះរបៀបវារៈពហុភាគីវិញ ភាគីរ៉ូម៉ានីរីករាយនឹងស្វាគមន៍ ការចូលរួមពីតំណាងជាន់ខ្ពស់របស់កម្ពុជា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុប (ASEM Education Ministers' Meeting) និងកិច្ចប្រជុំមូលនិធិអាស៊ី-អឺរ៉ុប (Asia-Europe Foundation) ។ រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានីក៏បានសន្យាថា នឹងដើរតួជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់មួយ ដើម្បីជំរុញឲ្យមានកុងសង់ស៊ុស សំដៅគាំទ្រការធ្វើឲ្យប្រសើរឡើង ចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប រួមទាំងករណីនាំចូលអង្ករក្រអូបរបស់កម្ពុជា ចូលក្នុងទីផ្សារសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលរូម៉ានីធ្វើជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំ២០១៩»។
ទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុប មួយរយៈពេលចុងក្រោយនេះហាក់ដូចជា រកៀសចិត្តគ្នាបន្តិចដោយសារបញ្ហាដែលអឺរ៉ុប កំពុងដំណើរការគ្រោងការចង់ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា អ្វីៗលើកលែងតែអាវុធ (EBA) រួមទាំងគម្រោងដាក់គំនាបពន្ធដារ ចំពោះអង្ករកម្ពុជាជាដើម៕