(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា និងលោក តេអូឌ័រ ម៉េឡិស្កាណូ រដ្ឋមន្រ្តីការបរទេសរូម៉ានី បានឯកភាពគ្នាជំរុញឱ្យមានការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-រូម៉ានី ក្រុមការងារអន្តរនាយកដ្ឋាន រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ។
តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថាការឯកភាពគ្នានេះធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសរូម៉ានី ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូចនេះថា ដោយពិនិត្យលើសក្តានុពលដែលកម្ពុជា និងរូម៉ានីមានស្រាប់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រីកភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ភាគីទាំងពីរបានឯកភាពរួមគ្នាជំរុញ ឱ្យមានការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម កម្ពុជា-រូម៉ានី ក្រុមការងារអន្តរនាយកដ្ឋានរវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងគណៈ កម្មាធិការសេដ្ឋកិច្ចចម្រុះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា ប្រទេសទាំង ពីរមានសក្តានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ព័ត៌មានវិទ្យា និងប្រេង ឧស្ម័នសម្រាប់គ្រឿងម៉ាស៊ីន ហើយបានឯកភាពលើកទឹកចិត្តឱ្យស្ថាប័ន ពាក់ព័ន្ធពិភាក្សាគ្នាលម្អិតបន្តទៀត៕