(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ (ច្បាប់ថវិកាជាតិ)។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេច ហេងសំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១៥រូប។ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩, ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១,១៨៦,២២៨ លានរៀល ស្មើនឹង១៩.២៨ភាគរយ នៃ ផ.ស.ស និងមានកំណើន១៤ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៨៕