(កោះកុង)៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។ ជាមួយគ្នានេះសម្តេចតេជោ បានស្នើទៅអ្នកបង្កើតរឿងរ៉ាវនេះដែលទំនងជាសម្តៅទៅកាន់សហរដ្ឋអាមេរិកថា កុំឱ្យមកសម្លាប់ និងធ្វើបាបកម្ពុជាតទៅទៀត។
ការអះអាងអំពីជំហរជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក Mike Pence អនុប្រធានាធិបតីអាមេរិក បានលើកឡើងអំពីមន្ទិលសង្ស័យរបស់ខ្លួនថា មូលដ្ឋានយោធារបស់ចិន អាចនឹងលេចរូបរៀងនៅខេត្តមាត់សមុទ្ររបស់កម្ពុជា ក្រោយពេលក្រុមហ៊ុនចិនមួយចំនួន បានបណ្តាក់ទុនវិនិយោគនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រកម្ពុជា។
ថ្លែងក្នុងពិធីបើកជាផ្លូវការនូវបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើកម្ពុជាចាំបាច់អ្វីនឹងមានមូលដ្ឋានទ័ពយោធាបរទេស ខណៈដែលរដ្ឋធម្មនុញ្ញកម្ពុជា កំណត់មិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីផងនោះ។ ជាមួយគ្នានេះ សម្តេចហាក់សង្ស័យថា ការបង្កើតរឿងរ៉ាវនេះជាចេតនាមិនល្អចំពោះកម្ពុជាជាថ្មី។
សម្តេចបានចោទសួរថា «ខ្ញុំមិនយល់ទេ តើអស់លោកចង់បានអ្វីពីកម្ពុជាទៀត ក្រៅពីសម្លាប់កម្ពុជាកាលពីអតីតកាលរួចទៅហើយ ! តើអស់លោកចង់បានអ្វីពីកម្ពុជាទៀត។ ខ្ញុំសុំឱ្យអស់លោកប្រើប្រាស់ខួរក្បាល ឱ្យបានច្រើនជាងនេះ កុំសម្លាប់កម្ពុជាបន្តទៀត កុំធ្វើបាបកម្ពុជាបន្តទៀត សូម្បីតែខ្ញុំវិនិយោគតាមតំបន់ឆ្នេរ អស់លោកបែរជាច្រណែនជាមួយក្រុមហ៊ុនមកវិនិយោគ ហើយមកដាក់បញ្ហាថាយើងខ្ញុំរៀបចំដាក់មូលដ្ឋានកងទ័ពបរទេស អស់លោកត្រូវស្គាល់កម្ពុជាឱ្យបានច្បាស់»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជាគ្មានមូលដ្ឋានទ័ពបរទេសនោះទេ ហើយអ្នកដែលមានការសង្ស័យ អាចមើលជាក់ស្តែងតាមផ្កាយរណបបាន។ សម្តេចថ្លែងថា៖ «ឥឡូវយើងមាន Satellite មានផ្កាយរណបថតពីលើមើល តើយើងខ្ញុំបានធ្វើជម្រកនៃទីកន្លែងនាវាមុជទឹកទេ។ ការពិតកម្ពុជាគ្មានតម្រូវការ ខ្ញុំមិនអនុញ្ញាតឱ្យទិញនាវាមុជទឹកមកកម្ពុជាទេ ដូច្នេះវាក៏គ្មានតម្រូវការចាំបាច់នូវការមានមូលដ្ឋាននាវាមុជទឹកនៅកម្ពុជាទេ»។
សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនថា អ្នកនយោបាយទាំងឡាយ មិនត្រូវយកសម្តីចារកម្មមកនិយាយនោះទេ ហើយអះអាងថា អ្នកយកសម្តីចារកម្មយកមកនិយាយគឺជាមនុស្សឆោតល្ងង់។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ហើយទោះជាពលរដ្ឋនេះ សម្តេចមានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្តេចប្រកាសមិនកែប្រែរដ្ឋធម្មនុញ្ញនៅក្នុងចំណុចនេះ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិឡើយ៕