(កោះកុង)៖ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្ដសប្បាយកាន់តែច្រើនឡើង ពោលមានការកើនឡើងជាងថ្ងៃម្សិលមិញទៅទៀត។
របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថិតិចំនួនភ្ញៀវទេសចរ និងសន្ដិសុខសណ្ដាប់ធ្នាប់នេះ គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃម៉ោង៤៖៣០រសៀលថ្ងៃទី១៥ ខែធ្នូ គ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន២៨៣នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយពិធីបើកជាផ្លូវការបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕