(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា គ្រូពេទ្យដែលមានសមត្ថភាពខ្លាំងហើយ ក៏ទាមទារឲ្យមានសីលធម៌ វិជ្ជាជីវៈ ខ្លាំងដូចគ្នា ព្រោះថាសីលធម៌វិជា្ជជីវៈ គឺចំណុះឲ្យសម្ថភាពជំនាញ។
ការលើកឡើងរបស់លោក ធា គ្រុយ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ចើញជាអធិបតី បើកទិវាវេជ្ជសាស្ត្ររោគកុមារវិទ្យាលើកទី២១ របស់សមាគមគ្រូពេទ្យកុមារកម្ពុជា (ស.គ.ក.ក) ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា រួមជាមួយបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិក ស.គ.ក.ក ចំនួនជាង៣០០នាក់។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងយ៉ាងដូច្នេះថា «សីលធម៌ហ្នឹង គឺវាចំណុះឲ្យសម្ថភាពជំនាញ ឲ្យតែសម្ថភាពជំនាញកាន់តែមាំៗ សីលធម៌ វិជ្ជាជីវៈហ្នឹង រត់មិនរួចទេត្រូវតែរឹងមាំដែរ.......កាលណាដែលគ្រូពេទ្យមានសម្ថភាពជំនាញខ្ពស់ យើងដឹងថាត្រូវធ្វើតាមនេះបើ ហើយបើធ្វើតាមនេះមិនបាន ត្រូវធ្វើតាមនោះ ដែលនេះហៅថាកញ្ចប់ គឺកញ្ចប់សីលធម៌វិជ្ជាជីវៈ ជាមួយនឹងសម្ថភាពជំនាញ»។
ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ ធា គ្រុយ ក៏បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺឲ្យកាន់តែប្រសើរបន្ថែមទៀត បើទោះបីកន្លែងបានអនុវត្តល្អយ៉ាងក្ដី ប៉ុន្ដែត្រូវបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតបន្ដិចបន្តួច ដែលកើតឡើងអចេតនា។
បន្ថែមពីនេះ លោក ធា គ្រុយ បានបញ្ជាក់ថា អ្នកណាក៏ដោយមិនមែនចេះតែចង់ក្លាយជាគ្រូពេទ្យបានទេ គឺត្រូវទាមទារមនុស្សដែលមានសម្ថភាពជំនាញខ្ពស់ គុណធម៌បុគ្គលខ្ពស់ ត្រូវតែមានសីលធម៌ជាដាច់ខាត ទោះខឹងប៉ុណ្ណាក៏ដោយ មិនសប្បាយចិត្តប៉ុណ្ណាក៏ដោយ មិនត្រូវធ្វើតាមអារម្មណ៍នោះទេ ព្រោះថាក្នុងនាមជា គ្រូពេទ្យមិនទាក់ទងជាមួយអារម្មណ៍នោះទេ គឺត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន៕