(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ជនសង្ស័យដែលផលិត និងបង្ហោះចែកចាយវីដេអូ កាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា ត្រូវបានចាប់ខ្លួនហើយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោកបន្ថែមថា ជនសង្ស័យរូបនេះ កំពុងត្រូវបានសួរនាំនៅនាយកដ្ឋាន ដើម្បីចាត់ការតាមច្បាប់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៥ ខែធ្នូនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ បានឲ្យដឹងថា ករណីបង្ហោះវីដេអូ លើបណ្តាញសង្គម Facebook ដោយបានកាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរ។
បើតាមលោកឧត្តមសេនីយ៍ ជនសង្ស័យនេះ គឺជាអ្នកកាត់តវីដេអូនោះដោយផ្ទាល់ដៃ ហើយសមត្ថកិច្ច ក៏បានដកហូតកុំព្យូរទ័របានមួយចំនួនផងដែរ។ លោកបានបន្តថា ករណីបង្ហោះវីដេអូ បង្កអសន្តិសុខនេះ សមត្ថកិច្ចក៏ធ្លាប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅខេត្តសៀមរាបផងដែរ តែពេលសួរនាំទៅក៏ឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៉ឺង ហ៊ុម តែម្តង ដោយជនសង្ស័យរូបនេះបានសារភាពថាបានទិញវីដេអូពីឈ្មោះ អ៊ឹង ហ៊ុមនេះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាត់តវីដេអូ នោះផ្ទាល់ដៃពិតមែន។ មូលហេតុនៃការបង្កើតវីដេអូ ខុសពីការពិតនេះ ដោយសារជនសង្ស័យយល់ថា បច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងទៅលើជនជាតិចិន ហើយខ្លួនបានយករឿងចិនហុងកុង មកកាត់បញ្ចូលគ្នា ជាមួយវីដេអូ ដែលក្មេងស្ទាវជនជាតិចិនឈ្លោះគ្នា នៅខណ្ឌទួលគោក ដើម្បីឲ្យគេចូលមើលវីដេអូខ្លួន។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ ជា ពៅ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសបើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ នៅយប់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចក៏បានលើកឡើងអំពី វីដេអូកាត់តនោះដែរ។ ពេលសម្តេចទទួលបានភ្លាម សម្តេចបានបញ្ជូនទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បានឆ្លើយតបមកសម្តេចថា ជាវីដេអូកាត់ត។
សម្តេចបានរិះគន់ និងចាត់ទុកថា ការបង្កើតវីដេអូនោះ គឺដើម្បីបង្កភាពចលាចល និងបង្កើតភាពយល់ច្រឡំនាំឲ្យប៉ះពាល់ដល់សង្គមកម្ពុជា។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីមានការចែកចាយតៗ ចំពោះវីដេអូខាងលើនេះ លើបណ្តាញសង្គម Facebook នាយឧត្តមសេនីយ៍ នេត សាវឿន តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការបដិសេធចោលទាំងស្រុង នូវខ្សែវីដេអូឃ្លីប ដែលអះអាងថា បានកើតនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសង្កត់ធ្ងន់ៗថា រឿងនេះមិនមានការកើតឡើង ក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសំឡេង ដែលបានថតក្នុងសាច់រឿងនោះ គឺជាសម្លេងថតបញ្ចូល ក្នុងបំណងធ្វើឲ្យមានការយល់ច្រឡំ ដើម្បីចង់បំពុលបរិយាកាសសន្តិសុខតែប៉ុណ្ណោះ៕