(ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ក្នុងកងពលតូចលេខ៧០ ដាក់ហាមមិនឲ្យយោធិននារី រៀបការក្នុងរយៈពេល៣ឆ្នាំ និងរងចាំ៥ឆ្នាំទើបពពោះ ដូចបទចំរៀង «បីឆ្នាំចាំយកប្តី» នោះ យោធិននារីក្នុងកងពលតូចលេខ៧០ បានចូលរួមលេងកីឡាយ៉ាងផុសផុល នាចុងឆ្នាំ២០១៨ ក្រោមការដាក់ចេញផែនការពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ ដែលមិនមែនតែយោធិននារីនោះទេ គឺចូលរួមលេងកីឡាបាល់ទាត់ បាល់ទះទាំងបុរស និងនារី។
យោធិននារីក្នុងកងពលតូចលេខ៧០ បានបញ្ជាក់ថា ការលេងកីឡា និងប្រកួតគ្នានាលើកនេះ គឺដើម្បីសុខភាព សាមគ្គីភាព មិត្តភាព ប្រកបដោយភាពយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ និងជាពិសេសសម្រាប់អបអរសាទរព្រឹត្តិការដ៏អស្ចារ្យ នៃខួប២០ឆ្នាំ របស់នយោបាយឈ្នះឈ្នះដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រពឹត្តទៅនៅសល់ប្រមាណតែ២សប្តាហ៍ទៀតប៉ុណ្ណោះ។
យោធិនារីបានបន្ដថា បើពេលនេះកំពុងមានសង្គ្រាម ការប្រកួតយ៉ាងសប្បាយរីករាយបែបនេះប្រាកដជាគ្មាននោះទេ គឺនឹងគិតតែរត់គេចគ្រាប់ផ្លោងមិនខាន ប៉ុន្តែពេលនេះមានសុខសន្តិភាពដោយសារសម្តេចតេជោ ហ៊ុន សែន ភាពសប្បាយរីករាយ ក៏នឹងមានជាបន្តបន្ទាប់សម្រាប់ទាហានបន្តវេន។
សូមជម្រាបថា ការប្រកួតតង់ទី១ គឺមានយោធិននារីមកពី កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គីភ័យ៧១១, យោធិននារីមន្ទីរកងពល, យោធិននារីនៃកងអនុសេនាធំបន្ទាយស្រី៕