(សៀមរាប)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទ នៅទីរួមខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ខាងមុខនេះ។
នៅក្នុងដំណើរបំពេញបេសកកម្មនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ងួន ញ៉ិល បានជួបពិភាក្សាការងារជាមួយ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅបន្ត ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ដំណើរការទៅដោយរលូនសុវត្ថិភាព និងទទួលបានជោគជ័យដែលជាមុខមាត់របស់កម្ពុជា។
លោក ងួន ញ៉ិល បានលើកឡើងថា ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាកម្ពុជា បានបង្កើតគណៈកម្មការរៀបចំមួយ ដោយមានអនុគណៈកម្មការទទួលបន្ទុកតាមវិស័យផ្សេងៗគ្នា មួយចំនួន ដូចជា អនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ អនុគណៈកម្មការពិធីការ និងដឹកជញ្ជូន អនុគណៈកម្មការសន្តិសុខ និងអនុគណៈកម្មការព័ត៌មាន និង ICT ជាដើម។ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារនេះ អនុគណៈកម្មការមួយចំនួនបានលើកឡើង ពីរបាយការណ៍ការងារដែលសម្រេចបានផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី និន សាផុន ប្រធានអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់ពេលនេះ មានប្រទេសចំនួន៩ដែលជា សមាជិក APPF បានចុះឈ្មោះជាផ្លូវការ ចូលរួមកិច្ចប្រជុំលើកទី២៧ មានចំនួនជាង១០០នាក់។ លោកស្រី បានគូសបញ្ជាក់ថា ក្រុមការងារពិធីការ ក៏បានសហការជាមួយសណ្ឋាគារ រៀបចំរួចរាល់នូវការបែងចែកបន្ទប់ ប្លង់នៃកិច្ចប្រជុំការងាររៀបចំតុបតែង ការសម្តែងសិល្បៈ ការងារពិធីការ និងកម្មវិធីដំណើរកម្សាន្ដរបស់គណៈប្រតិភូជាដើម។
សូមជម្រាបថា សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF នៅលើទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ គណៈប្រតិភូដែលជាប្រធានសភា ឬតំណាង នៃប្រទេសជាសមាជិក APPF នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ហើយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF មានសមាជិក២៧ប្រទេស។
បន្ថែមពីនេះ លោកបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប សហការរៀបចំនូវទីកន្លែងប្រជុំ បញ្ហាសន្តិសុខ សិល្បៈ និងការរៀបចំតាំងពិពរណ៍ទេសចរណ៍ផ្សេងៗ ឲ្យបានម៉ត់ចត់។ ប្រធានគណៈកម្មការរៀបចំ បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ APPF ជាព្រឹត្តិការណ៍បង្ហាញពី កិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល ក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។
បន្ទាប់ពីបានប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធរួចហើយ លោក ងួន ញ៉ិល និងសហការី បានចុះទៅពិនិត្យមើលសាលប្រជុំ ការសម្តែងសិល្បៈសាកល្បង និងពិនិត្យទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF នៅសណ្ឋាគារសុខាផ្ទាល់តែម្តង៕