(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង បានបញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា តាំងពីថ្ងៃម្សិលមិញ រហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋខ្មែរចំនួន១,៥០០នាក់ និងរថយន្តចំនួន៨០គ្រឿង បានឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីស្នាក់នៅ និងដើរលេងកំសាន្ដ នៃពិធីបុណ្យសមុទ្រ។
បើតាមការបញ្ជាក់របស់លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុង បានឲ្យដឹងថា ខាងភាគីថៃ បានត្រៀមបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ទៅពីកម្ពុជា ដល់ទៅជាង៦០០បន្ទប់។ សម្រាប់តម្លៃស្នាក់នៅខាងថៃវិញ គឺមិនលើសពី៣០ដុល្លារឡើយ។
លោក ប៊ុន បៀវ បានបន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃ ដែលគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណ ប័ណ្ណទៅជាមួយ។
បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗ ទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន ក៏គួរយកតាមផងកាន់តែងាយស្រួល)។ នេះបើតាមការបញ្ជាក់ របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋ ដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្ត ពីខាងថៃមកទទួលទៀតផង។ ប្រសិនបើប្រជាពលរដ្ឋចង់ទៅស្នាក់ផ្ទះសំណាក់ សណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ។
តាមការរំពឹងទុក ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច៩ម៉ឺននាក់៕